Sponsor
រិទ្ធី

លិខិត​ចំនួន​៤ ​ដែល​ចេញ​កាលពី​ថ្ងៃទី​៣០​ ​ខែ​មករា​ ​ឆ្នាំ​២០១៨​ ​ដោយ​លោក​ ​ហង់ ជួនណារ៉ុន​ ​រដ្ឋម​ន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ហើយដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ​នេះ​ ​បាន​ប្រកាស​លុប​ឈ្មោះ​បុគ្គលិក​អប់រំ​ក្នុង​ខេត្ត​សៀម​រាប​ចំនួន​៤​រូប​ចេញ​ពី​ក្រប​ខណ្ឌ​ក្រសួង​អប់រំ ​ចាប់ពី​ថ្ងៃ​ទី១​ ខែ​មករា​ ​ឆ្នាំ​២០១៨។​

គ្រូ​បង្រៀន​​៤​រូប​​ដែល​ជា​អតីត​​មន្រ្តី​​របស់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​​បាន​ក្រសួង​អប់រំ​ចេញ​ប្រកាស​លុប​ឈ្មោះ​ចេញ​​ពី​ក្រប​ខណ្ឌ​ក្រសួង ​ហើយ​ពួកគាត់​អះអាង​ថា វា​គឺ​ជា​រឿង​អយុត្តិធម៌​និង​ជា​ការ​ធ្វើ​ឡើង​​ដោយ​សារ​ហេតុផល​​នយោបាយ។

គ្រូ​បង្រៀន​៤រូប​នៅ​ខេត្ត​សៀមរាបត្រូវ​បាន​ក្រសួង​អប់រំ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ​ដោយ​បញ្ជាក់​ថា​ គ្រូ​បង្រៀន​ទាំង​៤​រូប​អវត្តមាន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។​ ​នេះ​បើ​យោង​តាម​លិខិត​៤ដាច់​ដោយ​ឡែក​ពីគ្នា ​ដែល​គេ​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ​នេះ។​

បុគ្គលិក​ក្រសួង​អប់រំដែលត្រូវបានក្រសួងអប់រំលុបឈ្មោះចេញពីក្របខណ្ឌ​ទាំង​៤នេះ​មាន​ឈ្មោះ​ ​លោក​ ពៀត ម៉ាប់​ ​បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ​ ​និង​វិក្រឹត្យ​ការ​ខេត្ត​សៀមរាប​ ​លោក​ ​ច័ន្ទ សុភា​ ​បម្រើ​ការងារ​នៅ​វិទ្យាល័យ​ចំណេះ​ទូទៅ ​និង​បច្ចេកទេស លោក​ ​ហុង សុជា​ ​បម្រើ​ការងារ​នៅ​សាលា​បឋម​សិក្សា​ ហ៊ុន សែន​ ​តាពេញ​ ​និង​លោក​ ​មុត ផល្លា​ បម្រើ​ការងារ​នៅ​សាលា​គរុកោសល្យ ​និង​វិក្រឹត្យ​ការ​ខេត្ត​សៀមរាប។​

លោក ​ពៀត ម៉ាប់​ ​គ្រូ​ង្រៀននៅ​សាលា​គរុកោសល្យ​ ​និង​វិក្រឹត្យ​ការ​ខេត្ត​សៀមរាប​ ​ដែល​ត្រូវ​បាន​ក្រសួងលុប​ឈ្មោះ​ចេញពី​ក្របខណ្ឌ​ ​ថា​​ការ​ប្រកាស​លុប​ឈ្មោះ​លោក​ ​និង​គ្រូ​បង្រៀន​៣រូប​ផ្សេង​ទៀត​ ដែលសុទ្ធ​តែ​ជា​អតីតមន្រ្តី​របស់​គណបក្ស​សង្គ្រោះជាតិគឺ​ជា​រឿង​អយុត្តិធម៌ ​និង​ជា​ការ​ធ្វើ​ឡើងដោយ​សារ​ពាក់ព័ន្ធ​នឹង​នយោបាយ។​

លោក​បញ្ជាក់​ថា៖​ ខ្ញុំនៅ​តែ​ចាត់​ទុក​ថា ​វា​អយុត្តិធម៌​ ​ហើយ​នេះជា​ចេតនា​នយោបាយ។​ ​បើ​និយាយ​ពីលក្ខន្តិកៈ​មន្រ្តី​រាជការ​ក៏ត្រូវ​មាន​ការ​ព្រមាន​ស្តី​បន្ទោស​ដែរ​ ​ព្រោះ​អានេះ​ជា​ក្រប​ខណ្ឌ​ដែល​កើត​ដោយសារ​ការខិត​ខំរៀន​សូត្រ​ ​ហើយ​ប្រឡង​ ​ហើយ​ទៅ​ធ្វើ​ការងារ។​ ​អីចឹង បើ​និយាយ​ពី​តាម​អាហ្នឹង​ វា​អត់​មានស្អី​ ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​ការ​លុប​ទេ​ យ៉ាង​ច្រើន​ស្តី​បន្ទោស ​ឬ​ដក​ ផ្លាស់ពីកន្លែង​មួយ​ទៅ​កន្លែង​មួយ​ហ្នឹង។​ បើ​ថា​ ខ្ញុំខុស ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចាត់​ទុក​ថា​ ខ្ញុំ​អត់​មាន​រឿង​អី​ដែល​ខុសទេ»។​

ចំណែកឯ ​គ្រូ​បង្រៀន​ម្នាក់​ទៀត ​លោក​ ​មុត ផល្លា​ ​ប្រាប់ថា​ ​ចាប់តាំង​ពី​លោក​ដាក់ពាក្យ​សុំ​ចូល​បម្រើ​ការងារ​ជាគ្រូ​បង្រៀន​វិញ​ ​ក្រោយ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​កាលពី​ចុង​ឆ្នាំ​២០១៧ ​លោក​មិន​ដែល​ត្រូវ​បាន​ក្រសួង ​ឬមន្ទីរ​ហៅ​សួរនាំនោះ​ទេ។​ ​លោក​ថា​ ​ការ​សម្រេចលុប​ឈ្មោះលោក​ចេញ​ពី​ក្រប​ខណ្ឌ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ និង​ផ្ទុយ​ពី​ច្បាប់ដែល​មាន​ចែង។

មាត្រា​៤៧​នៃ​ច្បាប់​ស្តីពី​សហ​លក្ខន្តិកៈ​មន្រ្តី​រាជការ​ចែង​ថា​ ​ការ​ចោទ​ប្រកាន់​អំពី​កំហុស​ខាង​វិន័យ​ត្រូវ​ធ្វើការ​អង្កេត​ជាមុន​សិន​ ចំពោះ​ទណ្ឌកម្ម​វិន័យ​ថ្នាក់​ទី២​ ​(ឬវិន័យ​ដែល​ឈាន​ដល់​ការ​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខណ្ឌ)។​ ​ការ​អង្កេត​ត្រូវ​ប្រគល់​ឲ្យ​តំណាង​ប្រធាន​ស្ថាប័ន​សាមីមួយ​រូប​ ​ឬ​ច្រើន​រូប​ ​ដែល​មាន​ឋានន្តរស័ក្តិ ​និង​ថ្នាក់​ខ្ពស់​ជាង​ ​ឬ​អតីត​ភាព​ច្រើន​ជាង​អ្នក​រាជការ​ដែល​ត្រូវ​ជាប់​ចោទ។​ សំណុំ​រឿង​អង្កេត​ត្រូវ​បញ្ជូន​ទៅ​ប្រធាន​ស្ថាប័ន​ដើម្បី​ពិនិត្យ​ ​និង​សម្រេច​ថា​ គួរ​បញ្ជូន​អ្នក​រាជការ​ដែល​ជាប់​ចោទ​នោះ​ទៅ​ឲ្យ​ក្រុម​ប្រឹក្សា​វិន័យ​ ឬ​ក៏​សម្រេច​ថា​ គួរ​បញ្ឈប់​ការ​ចោទ​ប្រកាន់​វិញ។​ ​ក្នុង​ករណី​ដែល​ប្រធាន​ស្ថាប័ន​យល់​ថា ​គួរ​បន្ត​ការ​ចោទ​ប្រកាន់​ ​សំណុំ​រឿង​ត្រូវ​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​វិន័យដែលត្រូវ​អញ្ជើញ​អ្នក​រាជ​ការ​ជាប់​ចោទមក​ពន្យល់​ដោះសារ​ដោយ​ផ្ទាល់​មាត់​ ​និង​ជា​លាយ​លក្ខណ៍​អក្សរមុន​នឹង​ក្រុម​ប្រឹក្សា​វិន័យ​ធ្វើការ​សន្និដ្ឋាន​អំពី​កំហុស​ ​និង​ទណ្ឌកម្ម​ ​ដើម្បី​ជា​យោបល់​ដល់​អ្នកមានសមត្ថកិច្ចសម្រេច។​

​កាលពីថ្មីៗនេះ លោក រ៉ុង ឈុន ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា លុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ក្រោមហេតុផលអវត្តមានដោយគ្មានច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor