Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គ្មានជនណា និងជនបរទេសណាមួយ ព្រមទាំងប្រទេសជាសមាជិកអាស៊ានមករិះគន់ ការធ្វើវិសោធនកម្មច្បាប់របស់ស្ថាប័ននីតិបញ្ញត្តិរបស់ប្រទេសកម្ពុជា បានឡើយ។

ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះ ស្របពេលនដែលរដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ  វិសោធនកម្មក្រមព្រហ្មទណ្ឌ និងច្បាប់មួយចំនួនទៀត។

លោក សុខ  ឥសាន បានឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ តាមប្រព័ន្ធតេឡេក្រាមថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់នានា គឺជារឿងធម្មតា នៅគ្រប់ប្រទេស នៅលើពិភពលោក នៅពេលណា ដែលពិនិត្យឃើញថា មានសំណូម ត្រូវធ្វើដើម្បីឲ្យស្របតាមសភាការណ៍រីកចម្រើនរបស់ប្រទេសជាតិ និងដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ។

លោកបញ្ជាក់ថា «គ្មានជនណា និងបរទេសណា មានសិទ្ធិនិយាយរិះគន់ការធ្វើវិសោធនកម្មច្បាប់របស់ស្ថាប័ននីតិបញ្ញត្តិរបស់កម្ពុជាទេ រួមទាំងពួកសមាជិកសភាប្រឆាំងអាស៊ានផង។ ការមានមតិណាមួយរបស់សមាជិកសភាប្រឆាំងអាស៊ាននេះ គឺជាការរំលោភធម្មនុញ្ញអាស៊ាន ដែលហាមមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន »

លោកបន្ថែមថា មានតែក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទេ ដែលមានសមត្ថកិច្ចសន្និដ្ឋានលើការធ្វើច្បាប់ និងធ្វើវិសោធនកម្មច្បាប់ស្រប ឬមិនស្របតាមរដ្ឋធម្មនុញ្ញ?

សូមជម្រាបថា ការលើកឡើងរបស់លោក សុខ ឥសាន ខណៈដែលអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ដោយបានសម្រេចប្រគល់សេចក្តីព្រាងវិសោធនកម្មច្បាប់ចំនួន៤ ទៅគណៈកម្មការជំនាញរដ្ឋសភា មុននឹងដាក់បញ្ជូនក្នុងរបៀបវារៈសម័យប្រជុំពេញអង្គវិសាមញ្ញរដ្ឋសភា។ ប៉ុន្តែក្នុងចំណោមសេចក្តីព្រាងច្បាប់ទំាងបួនមិនមានសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឡើយទេ។

ទី១. សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដល់គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែថាមពល  ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភាពិនិត្យ និងសិក្សា ដោយសហការជាមួយគណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងគណៈក ម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ហើយធ្វើរាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។

ទី២-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។

ទី៣- សេចក្តីព្រាងច្បាប់ស្តីពី អាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ ដល់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ពិនិត្យនិងសិក្សា ដោយសហកា រជាមួយគណៈកម្មការ សាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧ ស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នៃ រដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា វិញ។

ទី៤-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor