Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាបើករថយន្តមួយគ្រឿងទៅប៉ះជាមួយនិងម៉ូតូមួយគ្រឿងត្រង់ចំណុចតាមបណ្តោយ១៥៤កែងនិងផ្លូវព្រះនរោត្ដម ស្ថិតសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយរថយន្តបានព្យាយាមបើករត់គេចខ្លួនទាំងភ័យស្លន់ស្លោរហូតទៅដល់ចំណុចផ្លូវ១៧២កែង ផ្លូវព្រះនរោត្តម ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត រួចក៏ជ្រុលចង្កូតទៅបុកចូលឃ្លាំងលក់រថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលា៤និង១០នាទីទៀបភ្លឺថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យឲ្យ​ភ្នាក់ងារ CAM POST ដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងស្រា បើកបររថយន្តបង្កមួយគ្រឿងម៉ាក ឡិចស៊ិស RX330 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AC-8292 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ១៥៤ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ ក៏ទៅប៉ះម៉ូតូមួយគ្រឿងទៀតមិនចាំម៉ាក ដែលបើកតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យ​រងការខូចខាតបន្តិចបន្តួច។ ហើយភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនទាំងភ័យស្លន់ស្លោ  ហើយក៏ត្រូវបានម៉ូតូរងគ្រោះ រួមទាំងអ្នកធ្វើដំណើរតាមផ្លូវ ដែលឃើញហេតុការណ៍បួនទៅប្រាំម៉ូតូទៀត ជិះដេញតាមពីក្រោយ។ ហើយរថយន្តបង្ក ក៏បានបើករត់គេចខ្លួនតាមបណ្តោយផ្លូវ១៧២ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះទាំងសភាពភ័យស្លន់ស្លោ លុះដល់ចំណុចកែងនិងផ្លូវព្រះនរោត្តម ក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក RAV4 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-3158 ដែលបើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យ​រថយន្ត RAV4 ជ្រុលទៅបុកចូលឃ្លាំងលក់រថយន្តយីហោ89 បណ្តាលឲ្យបាក់ទា្វរអស់មួយផ្ទាំងទំហំប្រមាណ១០ម៉ែត្រគុណនិង៧ម៉ែត្រ និងបុកចំរថយន្តដាក់លក់មួយគ្រឿងទៀតម៉ាក អ៊ាល់ហ្វា ពណ៌ស អត់មានស្លាកលេខ តម្លៃជាង១៦ម៉ឺនដុល្លារ​ ដែលនៅក្នុងឃ្លាំងរងការខូចខាតធ្លាក់កាងខាងមុខ ចំណែករថយន្ត RAV4 រងការខូចខាតដាច់ក្រឡេនិងក្រពឹតផ្នែកខាងមុខចំហៀងខាងឆ្វេងយ៉ាងដំណំ រីឯអ្នកបើកបរងរបួសស្រាល ចំណែកឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ដោយឡែកម៉ូតូរងគ្រោះ ដែលជិះដេញតាមរថយន្តបង្កបានជិះគេចខ្លួនបាត់។ បន្ទាប់មកអ្នកបើកបររថយន្តបង្កបានចុះមកចាប់គ្រៀកយុវជនពីរនាក់ ដែលឈរមើលហេតុការណ៍ហើយវាយទៅលើយុវជនទាំង២នាក់នោះ ដោយចោទថា យុវជនទាំងពីរនាក់នោះ រួមទាំងបក្សពួកបួនប្រាំម៉ូតូទៀតដេញវាយរូបគេ។

បើកតាមសម្តីពីម្ចាស់រថយន្តបង្កបានឲ្យ​ភ្នាក់ងារ​ CAM POST ដឹងថា មុនពេលកើតហេតុគាត់បានបើកបររថយន្តខាងលើចេញមកពីញ៉ាំអីនៅហាងសៀវម៉ៃរាត្រី លុះពេលបើករថយន្តមកដល់ចំណុចផ្លូវ១៥៤កែងនិងផ្លូវព្រះនរោត្តម គាត់ក៏បានអកហ្សើរជាមួយនិងក្មេងស្ទាវមួយក្រុមជិះម៉ូតូបួនទៅប្រាំគ្រឿង ហើយគាត់ក៏បានបន្តដំណើរទៅមុខបន្តទៀត ហើយស្រាប់តែក្រុមក្មេងស្ទាវទាំងនោះជិះម៉ូតូនាំគ្នាដេញវាយរថយន្តរបស់គាត់ ហើយដោយគាត់ភ័យពេក ក៏បានបើករថយន្តជ្រុលទៅបុករថយន្តមួយគ្រឿងទៀតតែម្តងទៅ។

បើតាមសម្តីយុវជនទាំងពីរនាក់ខាងលើ បានឆ្លើយបដិសេធថាពួកមិនមែនជាអ្នកដេញវាយរថយន្តបង្កនោះទេ គឺពួកគាត់គ្រាន់ឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ ហើយពួកគេក៏បានឈប់ម៉ូតូមើលជាធម្មតា ស្រាប់តែអ្នកបើកបររថយន្តបង្កចុះពីលើរថយន្តហើយរត់មកចាប់ពួកគេវាយ ដោយចោទពួកគេថា ជាអ្នកដេញវាយរថយន្តរបស់ខ្លួនទៅវិញ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្ក រួមទាំងយុវជនទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីធ្វើការដោះស្រាយគ្នា។ ដោយឡែករថយន្តបង្ក និងរថយន្តរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor