
ព្រះសីហនុៈ យ៉ាងហោចណាស់ មានតារាចម្រៀងម្នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយការឆេះរលាកពេញខ្លួន ក្នុងហេតុការណ៍គ្រោះអគ្គិភ័យមួយកាលពីយប់មិញ នៅក្នុងក្លិបកម្សាន្តឈ្មោះ LV នាខេត្តព្រះសីហនុ ហើយត្រូវបានដឹកបញ្ជូនមកសង្គ្រោះអាយុជីវិត នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ។
គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញក្លិបកម្សាន្ត និងធ្វើឲ្យភ្ញៀវដែលចូលទៅកម្សាន្តសប្បាយរត់ចែកជើងគ្នា បន្ទាប់ពីគេឃើញកម្ទេចភ្លើងធ្លាក់មកលើឆាតតន្ត្រី ដែលហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្លិបកម្សាន្ត LV ស្ថិតក្រុម១៥ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។
សមត្ថកិច្ចខេត្តព្រះសីហនុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញកម្ទេចភ្លើងបានធ្លាក់ពីលើពិដាន មកលើឆាកប្រគុំតន្ត្រី ហើយភ្លាមៗនោះ ភ្ញៀវក៏បានរត់ចែកជើងគ្នាចេញមកក្រៅក្លិប ខណៈបុគ្គលិកបានព្យាយាមយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ដែរ ប៉ុន្តែគ្មានប្រសិទ្ធភាព ទើបអណ្ដាតភ្លើងឆាបឆេះយ៉ាងលឿនកាន់តែខ្លាំងឡើងៗ ហើយធ្លាក់មកជាបន្តបន្ទាប់។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បណ្ដាលមកពីករណីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ដែលបណ្ដាលឲ្យឆេះក្លិបយ៉ាងលឿន ហើយបណ្ដាលឲ្យឈ្មោះ បូ ចាន់ណាក់ ហៅ វេហា ភេទប្រុស អាយុ២៩ឆ្នាំ ជាបុគ្គលិកផ្នែកចម្រៀងប្រចាំក្លិប រងរបយសឆេះរលាកពេញខ្លួនតែម្ដង។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត បន្ទាប់ពីមើលឃើញថា ស្ថានភាពរបស់ជនរងគ្រោះធ្ងន់ធ្ងរពេក។
ករណីនេះផងដែរ សមត្ថកិច្ចឲ្យដឹងថា បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ដោយរថយន្តកងរាជអាវុធហត្ថខេត្ត២គ្រឿង និងរថយន្តនគរបាល២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៤ឡាន។ ស្ថានភាពឆាបឆេះក្លិបកំសាន្តខាងលើនេះ ត្រូវបានបាញ់ពន្លត់នៅវេលាម៉ោង៤៖១០នាទីទៀបភ្លឺ ថ្ងៃព្រហស្បតិ៍នេះ៕












