Sponsor
រិទ្ធី

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅក្រុងគ្រីស្ទានសាន់ ប្រទេសន័រវេស៍បានចេញសេចក្តីអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ។ នៅក្នុងខ្លឹមសារនៃសេចក្តីអំពាវនាវនេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាសង្កេតឃើញបងប្អូនពលរដ្ឋខ្មែរជាទីគោរពស្រឡាញ់ នាំគ្នាជជែកដេញដោលជាហូរហែរ ទៅលើប្រធានបទ តើទៅបោះឆ្នោត ឬមិនទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៨? ចាប់តាំងពីរបប ហ៊ុន សែន ប្រើយន្តការតុលាការយ៉ាងទុច្ចរឹត និងរំលាភរដ្ឋធម្មនុញ្ញ ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអាសនៈសភា ៥៥ និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ កៅអី ពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។

មានសំណួរជាច្រើនបានចោទសួរថា ហេតុអ្វីបានជាលោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក ខំប្រឹងចុះជួបទិញទឹកចិត្តក្រុមកកម្មករ កម្មការិនី និងពលរដ្ឋយ៉ាងសម្បើមម្ល៉េះ បើរបបនេះ រំលាយបក្សប្រឆាំងរួចហើយ? តើចាំបាច់ខំប្រឹងធ្វើអ្វីទៀត បើលោក ហ៊ុន សែន គង់តែធ្វើឡប់ឡែឈ្នះឆ្នោតដដែល?

ជាការពិត គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន នឹងឈ្នះឆ្នោតជាស្ថារពរ នៅខែកក្កដា ខាងមុខ ដោយគ្មានការប្រកួតប្រជែងធំដុំជាឡប់ឡែ បើសិនណាបងប្អូនពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតច្រើនលើសលប់ លើសពី ៥០% ឡើងទៅ ទោះបីជាគ្មានវត្តមានគណបក្សសង្គ្រោះជាតិក៏ដោយ។ លោក ហ៊ុន សែន ត្រូវការចំនួនអ្នកទៅបោះឆ្នោត ច្រើនជាង ៥០% ដើម្បីបង្ហាញលទ្ធផលប្រាប់ទៅសហគមន៍អន្តរជាតិ បើទោះបីជាអ្នកទៅបោះឆ្នោតគូស ឬឆូតលើសន្លឹកឆ្នោតចោលយ៉ាងណាក្តី ក៏គេរាប់បញ្ចូលទៅក្នុងចំនួនអ្នកទៅបោះឆ្នោត។ ប៉ុន្តែបើចំនួនអ្នកទៅបោះឆ្នោតថយចុះ ទាបជាង ៥០% មានន័យថាពលរដ្ឋមិនពេញចិត្តនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន ហើយសហគមន៍អន្តរជាតិក៏មិនទទួលស្គាល់ការបោះឆ្នោតនោះជាបានការអីដែរ នេះបើតាមប្រូតូកូលអន្តរជាតិ (International protocols)។ នោះហើយគឺជាសេចក្តីបារម្ភធំបំផុតរបស់លោក ហ៊ុន សែន និងគណបក្សកាន់អំណាចរបស់លោក។

ជាចុងក្រោយ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានលោក ម៉ែន ណាត ជាប្រធាន អំពាវនាវដល់ពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោត មានឯកសារបោះឆ្នោត សូមមេត្តាកុំទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ បើគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ចូលរួមប្រគួតប្រជែងដោយស្មើភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ទេនោះ ដើម្បីជៀសវាការងបំពេញចំនួនតួលេខ ចំនួនភាគរយ និងបង្គ្រប់កិច្ចឲ្យរបប ហ៊ុន សែន។ សូមពលរដ្ឋដែលស្រឡាញ់ជាតិ ទឹកដី និងយុត្តិធម៌ សូមជ្រើសរើសយកវិធីនេះ ជាជំរើសដ៏ល្អចុងក្រោយរបស់បងប្អូនជនរួមជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor