
ភ្នំពេញៈ កាមេរ៉ាសុវត្ថិភាពតាមស្តុប និងតាមផ្លូវនានាពេញក្រុង មិនឃើញវិដេអូ ឬរូបភាពសកម្មភាពរថយន្តបង្កហេតុ ដែលបើករត់គេច អូសទាំងម៉ូតូបែកផ្កាភ្លើងផ្អើលពេញក្រុង តាំងពីជិតភោជនីយដ្ឋានប៉ូឡូ ផ្លូវ១០៧ កែងផ្លូវ២៤២ រហូតដល់ផ្លូវ៤៣២ ខាងក្រោយវត្តទូលទំពូង ទើបខ្ទាតម៉ូតូចេញ ហើយរថយន្តបង្កហេតុ ក៏បន្តបើករត់គេចដល់ផ្លូវ២០០៤ ក៏មិនអាចរកឃើញក្នុងកាមេរ៉ាសុវត្ថិភាពដែរ ឬយ៉ាងណា?
ហួសថ្លែង! បុកអូសម៉ូតូតាំងពីប្លុកអូរឫស្សី ផ្លូវ២៤២ កែងផ្លូវ១០៧ រហូតដល់ទួលទំពូង ទើបរបូតម៉ូតូចេញពីរថយន្តនៅចំណុចផ្លូវ១៣៥ កែង៤៣២ ក្រោយវត្តទួលទំពូង គិតទៅរាប់គីឡូហើយ ប្រជាជនផ្អើលតាមមើលគ្រប់គ្នាតាមដងផ្លូវ ព្រោះល្បឿនរថយន្តលឿន ហើយលាន់សំឡេងអូសម៉ូតូបែកផ្កាភ្លើងយ៉ាងសាហាវ យ៉ាងនេះហើយនៅតែមិនអាចចាប់រថយន្តបាន ដោយរថយន្តនេះជិះរត់រហូតដល់ប្លុកសូឡា ក្បែរស្ថានីយទូរទស្សន៍បាយ័ន ម្ដុំបុរីហុងឡាយលូប្រាំ ក៏បាត់ស្រមោលតែម្តង។

ភ្លាមនោះក្រុមការងារយើងក៏បានចូលរួមដេញតាមដែរ ប៉ុន្តែមិនអាចចាប់ភាគីរថយន្តបានទេ យើងសូមចូលរួមសោកស្តាយដល់ជនរងគ្រោះទាំងពីរផង ដែលត្រូវបានរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅជិតភោជនីយដ្ឋានប៉ូឡូ ស្ថិតតាមបណ្តោយផ្លូវ១០៧ កែងផ្លូវ២៤២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។
សាក្សីនៅកន្លែងកើតហេតុបានឲ្យភ្នាក់ងារ CAM POST ដឹងថា មុនកើតហេតុគេឃើញម៉ូតូ Dream-2017 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GF-8998 ធ្វើដំណើរតាមបណ្តោយផ្លូវ១០៧ ទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចផ្លូវបែកជាបួន ស្រាប់តែមានរថយន្តបាឡែន ពណ៌ស មួយគ្រឿង (មិនចាំស្លាកលេខ) បើកយ៉ាងលឿនដូចហោះតាមបណ្តោយផ្លូវ២៤២ ទិសដៅពីលិចទៅកើត បានទៅបុកម៉ូតូ Dream ពេញទំហឹង បណ្តាលឲ្យប្រុសស្រី២នាក់ ដែលកំពុងជិះឌុបគ្នានោះ ផ្លោងចេញពីម៉ូតូរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺម៉ូតូ Dream នោះត្រូវកៀបជាប់ក្រោមរថយន្ត តែរថយន្តបានបន្ថែមល្បឿនបើករត់គេច អូសទាំងម៉ូតូទៅតាមជាមួយ បែកផ្កាភ្លើងផ្អើលពេញក្រុង តាំងពីកន្លែងកើតហេតុ ជិតភោជនីយដ្ឋានប៉ូឡូ ផ្លូវ១០៧ កែងផ្លូវ២៤២ រហូតដល់ផ្លូវ៤៣២ ខាងក្រោយវត្តទូលទំពូង ទើបខ្ទាតម៉ូតូចេញ ហើយរថយន្តបង្កហេតុក៏បន្តបើករត់គេចខ្លួនទៀតដល់ផ្លូវ២០០៤ បាត់ស្រមោលសូន្យឈឹង ក្រុមការងារយើងក៏បានចូលរួមដេញតាមជាមួយសមត្ថកិច្ចដែរ តែតាមរកពុំទាន់ឃើញ។

បច្ចុប្បន្នរថយន្តបាឡែនដែលបង្កហេតុនោះ មិនទាន់ឃើញមានសមត្ថកិច្ចឃាត់បាននៅឡើយទេ ដោយឡែកកាមេរ៉ាសុវត្ថិភាពតាមស្តុប និងតាមផ្លូវនានាពេញក្រុង ម៉េចក៏មិនឃើញវិដេអូ ឬរូបភាពសកម្មភាពរថយន្តបង្កហេតុនោះ បើករត់គេច អូសទាំងម៉ូតូទៅបែកផ្កាភ្លើងផ្អើលពេញក្រុង តាំងពីកន្លែងកើតហេតុ ជិតភោជនីយដ្ឋានប៉ូឡូ ផ្លូវ១០៧ កែងផ្លូវ២៤២ រហូតដល់ផ្លូវ៤៣២ ខាងក្រោយវត្តទូលទំពូង ទើបខ្ទាតម៉ូតូចេញ ហើយរថយន្តបង្កហេតុក៏បន្តបើករត់គេចដល់ផ្លូវ២០០៤ ក៏មិនអាចរកឃើញក្នុងកាមេរ៉ាសុវត្ថិភាពដែរឬយ៉ាងណា?៕






