
ភ្នំពេញៈ ដោយសារការធ្វេសប្រហែសរបស់តៃកុងរថយន្តបែនដឹក១គ្រឿង បើកមិនទម្លាក់បែន បណ្តាលឲ្យទាក់ខ្សែភ្លើងរប៉ាត់រប៉ាយ និងទ្រេតបង្គោលភ្លើង១ដើម កាលពីវេលាម៉ោង៦៖៥០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញរថយន្តប្រភេទបែនដឹកដី១គ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 3A-6307 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿនគួរសម ដោយមិនទម្លាក់បែន ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏ទាក់និងខ្សែភ្លើងទទឹងផ្លូវ បណ្តាលឲ្យដាច់រប៉ាត់រប៉ាយ និងទ្រេតបង្គោលភ្លើង១ដើម ពេលនោះដែលតៃកុងរថយន្ត បានបើកទ្វារថយន្តរត់បាត់ស្រមោលតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយសម្រួលចរាចរណ៍ ដោយធ្វើការបិទផ្លូវតាំងពីចំណុចផ្លូវបំបែកចំការដូង ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវវាង ព្រោះខ្លាចមានគ្រោះថ្នាក់ផងដែរ តែរថយន្ត ត្រូវបានយកមកថែរក្សាទុកនៅអធិការខណ្ឌដង្កោ ដើម្បីឲ្យភាគីខាងរថយន្តបង្កចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕





