
ព្រះវិហារៈ វរសេនីយ៍ទោ ឆៅ វុទ្ធា បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមការណែនាំរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ ក្នុងនាមលោកដែលទើបទទួលបានការតែងតាំងថ្មីជាអធិការក្រុងព្រះវិហារ ដែលលោកប្តេជ្ញាអនុវត្តន៍ការងារ និងតួនាទីភារកិច្ច ពិសេសគឺការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធភាព។
អស្រ័យហេតុនេះ ទើបសង្វៀនបញ្ជល់មាន់១កន្លែង ត្រូវបានកម្លាំងនគរបាលក្រុងព្រះវិហារ ដែលដឹកនាំដោយលោកអធិការទើបឡើងថ្មី ចុះបង្រ្កាប និងបានធ្វើឲ្យក្រុមញៀនល្បែង នាំគ្នារត់បាតជើងសព្រាត។ ប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើឡើងកាលពីរសៀល ថ្ងៃអាទិត្យ ៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រម៉ូវ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

វរសេនីយ៍ទោ ឆៅ វុទ្ធា អធិការក្រុងព្រះវិហារ បានឲ្យភ្នាក់ងារព័ត៌មាន Cam Post ដឹងនៅព្រលប់ថ្ងៃនេះថា ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើថា ចំណុចខាងលើនេះ មានបើកសង្វៀងបញ្ជល់មាន់ លោកក៏បានបញ្ជាកម្លាំងឲ្យអធិការរងក្រុង ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងប្រណាក ចុះទៅបង្ក្រាបធ្វើឲ្យក្រុមញៀនល្បែងទាំងនោះ ដឹងខ្លួនមុននាំគ្នារត់បាតជើងសព្រាតអស់រលីង។ តែទោះយ៉ាងណាក៏ដោយ សមត្ថកិច្ចបានកោះហៅម្ចាស់ផ្ទះមកធ្វើការអប់រំណែនាំឲ្យបញ្ឈប់ការជួលទីតាំងសម្រាប់បើកសង្វៀនបញ្ជល់មាន់តទៅទៀត៕



