
លោក ង៉ែត ម៉ាន់ឌី ដែលត្រូវបានគេស្គាល់ថាជា បណ្ឌិត ផ្នែកគ្រប់គ្រងរដ្ឋបាលសាធារណៈ ដែលលោកតែងតែចែករំលែកនូវទស្សនៈ និងគំនិតល្អៗតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន។ ហើយកាលពីមិ្សលមិញនេះ ថ្ងៃទី២៨ កុម្ភៈ លោកបានចែករំលែកសារសំខាន់ៗ ផ្ញើដល់យុវជនកម្ពុជា និងប្រជាពលរដ្ឋ ក្នុងរឿងនយោបាយ និងការកសាងសង្គម ៖
យុវជនឈានមុខ របស់បក្ស និង បងប្អូន អ្នកស្នេហាជាតិតាមហ្វេសប៊ុក ជាទីរាប់អាន៖
ខ្ញុំសូមសរសើរ ពីភាពរីកចំរើននូវវីរភាព និងភាពក្លាហានរបស់បងប្អូន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលហ៊ានបញ្ចេញមតិយោបល់ និងរិះគន់គ្មានសំចៃមាត់ទៅកាន់ភាគីដែលខ្លួនមិនពេញចិត្ត។ ខណះពេលដែល យើងកំពុង ផ្លែផ្កាដាក់គ្នា ឈ្លោះគ្នា កាប់សម្លាប់ លាបពណ៌ ស្អប់ ឌឺដងនយោបាយ ខ្លះរត់គេចពីការតាមសម្លាប់ ចាប់ខ្លួន ខ្លះបែកបាក់ក្រុមគ្រួសារ ប្រទេសជាតិបែកបាក់ផ្ទៃក្នុង សីលធម៌សង្គមធ្លាក់ចុះ ប្រទេសជាតិទាំងមូល មានភាពចម្រូងចម្រាស់ និង ឈ្លោះទាស់ទែងគ្នា គឺស្របពេលបរទេស កំពុងតែ ពេបជ្រាយ មើលងាយមើលថោក បំពាន មិនតែប៉ុណ្ណោះគេសំងំ កសាងខ្លួនរបស់គេ ប្រទេសរបស់គេ ដើម្បីជាតិនិងប្រជាជនរបស់គេ។
យុវជនឈានមុខជាទីរាប់អាន អ្នកជាទំពាំងស្នងឫស្សី ជាក្តីសង្ឃឹមរបស់ជាតិ ជាឆ្អឹងខ្នង សរសរទ្រូងរបស់ជាតិ តើ ក្រៅពីជេរ ពោលពាក្យប្រមាថមើលងាយ លាបពណ៌ ឌឺដង តើអ្នកត្រៀមខ្លួនហើយឫនៅសំរាប់ រួមគ្នាកសាងសង្គម? ខណះដែលយុវជនបរទេស វាយលុកយកទីផ្សារការងារសំខាន់ៗ ជំនួញរាប់លានដុល្លារ បន្តការសិក្សាថ្នាក់ក្រោយឧត្តម យើងបែរជាយកពេលមកប្រើដោយគ្មានប្រយោជន៍ និងបំផ្លាញ កិត្តិយសជាតិ បង្អាប់បង្អោនជាតិ ខ្លួនឯង អោយសង្គមជាតិ ដាំក្បាលចុះ ដោយសារភាពមានៈ និងមោតនភាពក្លែងក្លាយ អមជាមួយទង្វើអសីលធម៌ ខ្វះការិះគិត ចរិកពាល ដែលធ្វើអោយរាំងស្ទះដល់ការអភិវឌ្ឍន៍សង្គម និងធ្លាក់ចុះសីលធម៌សង្គមជាអាទ៌។ យុវជនគួរយកពេលវេលា មកសិក្សារៀនសូត្រ កសាងខ្លួនឯង អោយជាយុវជនគំរូ ខ្លាំង ប្រកបដោយសមត្ថភាព គតិយុទ្ធ គុណវុឌ្ឍិ ចំណេះដឹង បំណិនជីវិត ដើម្បី ចូលរួមកសាងសង្គមជាតិរបស់ខ្លួន។
រាល់ថ្ងៃបើទោះប្រទេសរបស់យើងមិនទាន់រីកចំរើន អភិវឌ្ឍន៍ និង ល្អដូចប្រទេសនាៗមួយចំនួនខ្លះក្នុងពិភពលោកក៏ពិតមែន តែអាចចាត់ទុកថា យើងរស់នៅបានល្អប្រសើរ និង សុខសន្តិភាព ច្រើនគួរសមដែរ បើធៀបទៅនិងប្រទេសមួយចំនួនខ្លះដែលជួបប្រទះតែការគំរាមកំហែង ពីពពួកភារវៈកម្ម និង សង្គ្រាមបង្ហូរឈាមបែកបាក់ និង បាត់បង់មនុស្សជាទីស្រលាញ់មិនឈប់ឈរ រស់អន់ឃ្លាន រស់ក្នុងសមុទ្រទឹកភ្នែក និង ធ្លុកឈាម។
បើយើងយល់ថាសង្គម និង ប្រទេសដែលយើងកំពុងរស់នៅរាល់ថ្ងៃមួយនេះមិនទាន់ល្អគ្រប់គ្រាន់ មានការខ្វះខាត អ្នកគួររួមគ្នាកសាង កែប្រែ និង អភិវឌ្ឍន៍ នៅចំណុចខ្វះខាតទាំងនោះអោយប្រសើរឡើងទាំងអស់គ្នា ទៅតាមអ្វីដែលអាចធ្វើទៅបាន ដោយចាប់ផ្តើមពីចំណុចតូចតាច រហូតដល់បញ្ហាធំៗ ជាជាងនាំគ្នាធ្វើទង្វើមិនល្អ និង នាំអោយអាប់អោនដល់ខ្លួន ក៏ដូចជាប្រទេសជាតិទាំងមូល ដោយបង្កើតឱកាសអោយបរទេសមើលងាយ និង ទាញយកប្រយោជន៍នៅពេលយើងបាត់បង់ការគ្រប់គ្រងខ្លួនឯងទៅប្រព្រិត្តមិនគប្បី ខ្វះការគិត បំរើបននយោបាយ ទាំងមិនបានគិតច្បាស់លាស់ ចង់ល្បីលើហ្វេសប៊ុក ជាដើម។ សូមថយមួយជំហាន ហើយគិតឡើងវិញ បើយើងស្រលាញ់ជាតិ មាតុភូមិយើង។







