
ក្រចេះ៖ ពលរដ្ឋមួយគ្រួសាររស់នៅតំបន់ដាច់ស្រយាល ស្ថិកក្នុងភូមិប្រម៉ា ឃុំកំពងដំរី ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានពុលត្រីកំពតមួយផ្ទះ កាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយបណ្តាលឲ្យស្លាប់បុរសម្នាក់ជាប្តី រីឯប្រពន្ធ និងកូនរងគ្រោះធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
លោក ហេង សុថា អភិបាល ស្រុកឆ្លូង បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជិតវិតឈ្មោះ ខាត់ ខាន់ ភេទប្រុស អាយុ៥៧ឆ្នាំ បានស្លាប់ពេលយកទៅដល់មន្ទីរពេទ្យ ហើយប្រពន្ធឈ្មោះ ហម ប៉ក់ ភេទស្រី អាយុ៥៣ឆ្នាំ និងកូនស្រីឈ្មោះ ខាន់ រ៉ាទី អាយុ១៨ឆ្នាំ អ្នកទាំងពីរ រងគ្រោះធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់។

លោក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានឲ្យដឹងថា ក្រោយពីពួកគាត់បានហូបត្រីកំពតរួច មានអាការៈក្អូតចង្អោរ ចុកពោះ ហើយត្រូវសាច់ញាតិយកទៅមន្ទីរពេទ្យ ប៉ុន្តែក្រុមគ្រូពេទ្យជួយសង្គ្រោះជីវិតបុរសរូបនោះមិនទាន់ ដោយសារតែអាការៈបុរសខាងលើមានសភាពធ្ងន់ធ្ងរ ចំណែកប្រពន្ធ និងកូន ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា។

លោកអធិការ បន្តទៀតថា មូលហេតុដែលពួកគាត់ពុលត្រីកំពត គឺដោយសារពួកគាត់ទៅនេសាទត្រីនៅបឹងត្រពាំងរ៉ុន ពេលបានត្រីកំពត ក៏យកមកចំអិនធ្វើជាអាហារពេលហូបរួច ស្រាប់តែបណ្ដាលឲ្យពុលតែម្ដង។ ក្នុងករណីខាងលើនេះ កម្លាំងនគរបាលជំនាញបច្ចេកទេសបានចុះទៅត្រួតពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយរកឃើញថា ជនរងគ្រោះពិតជាពុលត្រីកំពតប្រាកដមែន៕




