Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ឆាកប្រយុទ្ធគ្នាមួយប្រាវរបស់ស្ត្រី២នាក់ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំអដល់ប្រជាពលរដ្ឋរាប់សិបនាក់ មកចោមរោម​មើលទាំងកណ្ដាលយប់ ព្រោះបណ្ដាលឲ្យស្ត្រីម្នាក់ ត្រូវបែកក្បាលហូរឈាមជោកខ្លួន និងអ្នករត់កង់បីម្នាក់ទៀត បែកទូរស័ព្ទខ្ទេច។

ករណីហិង្សាររវាងនារី២នាក់ខាងលើនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក ចុះទៅអន្ដរាគមន៍ និងសម្របសម្រួលភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅផ្លូវព្រះមុនីវង្ស កែងផ្លូវ១០៨ មុខស្ថានីយ៍រថភ្លើង សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ នៅវេលាម៉ោង១២៖១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារី២នាក់ ជិះរថយន្ត Morning មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ​ 2AP-4773។ លុះពេលធ្វើដំណើរមកដល់ផ្លូវព្រះមុនីវង្ស កែងផ្លូវ១០៨ មុខស្ថានីយ៍រថភ្លើង ស្រាប់តែទាស់សម្ដីគ្នា ហើយនារីវ័យក្មេងទាញទូរស័ព្ទពីស្ត្រីវ័យចំណាស់គប់ចេញក្រៅរថយន្ត រួចស្ត្រីវ័យចំណាស់ក៏ចាប់ទាញទូរស័ព្ទពីនារីវ័យក្មេងវិញ រហូតពេលចុះពីលើរថយន្តកើតជាអំពើហិង្សា។ ភ្លាមៗនោះ នារីវ័យក្មេង បានរើសដុំថ្មវាយស្ត្រីចំណាស់ម្នាក់នោះ បែកក្បាល​ហូរឈាមជោកពេញខ្លួន ហើយនារីវ័យក្មេងក៏បានខ្ចីទូរស័ព្ទពូរ៉ឺម៉កកង់បីម្នាក់ ម៉ាក iPhone6 ដើម្បីតេរកទូរស័ព្ទដែលបានគប់ចេញពីរថយន្តនោះ ស្រាប់តែមិនទាន់រកឃើញផង ក៏ទាស់សម្ដីគ្នាជាមួយគ្នាស្ត្រីខាងលើនោះទៀត រួចគប់ទូរស័ព្ទម្ចាស់កង់បីនោះចោលមួយទៀត តែសំណាងល្អគ្រាន់តែបែកកញ្ចក់អេក្រង់ប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកន្លែងកើតហេតុ ​ដើម្បីធ្វើការសាកសួរ​ និងនាំទៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីសាកសួរដំណើររឿងបន្ថែម​។

សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យភ្នាក់ងារព័ត៌មាន Cam Post ដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈឹម វណ្ណារី អាយុ៣៨ឆ្នាំ មុខរបរ​រកស៊ី ស្នាក់នៅផ្ទះជួលលេខ២៥៤ ផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ បាត់ទូរស័ព្ទ២គ្រឿងម៉ាក iPhone7 និង iPhone8។ ចំណែកស្រ្តីម្នាក់ទៀត ឈ្មោះ ធីម ជីង​ជីង អាយុ៣២ឆ្នាំ មុខរបរ​បកប្រែ​ភាសា​ចិន ស្នាក់នៅផ្ទះជួល សង្កត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក​ បាត់ទូរស័ព្ទ iPhone7 plus មួយគ្រឿង ពណ៌ក្រហម និងជាម្ចាស់រថយន្តម៉ាក Morning ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AP-4773។

ចំពោះករណីនេះ ក្រោយពេលកើតហេតុ ភាគីទាំងសងខាង រួមទាំងបុរស ដែលជាអ្នករត់ម៉ូតូកង់បី ក៏ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសួរនាំពីដំណើររឿងលម្អិតនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor