
ព្រះវិហារៈ មន្ត្រីយោធាពាក់ស័ក្ដិ១ម្នាក់ នៅអង្គភាពវរៈស៊ើបការ F3 បានបាញ់ចំនួន៣គ្រាប់ ប៉ងសម្លាប់បុរសព្រូឡានម្នាក់ ប៉ុន្តែសំណាងល្អជីវិតថ្លៃ បានត្រឹមរបួសធ្ងន់ ហើយត្រូវបានសង្គ្រោះឲ្យផុតពីសេចក្ដីស្លាប់។ ករណីផ្ទុះអាវុធនេះ កើតឡើងដោយសារជនបង្កខឹងកាក់រថយន្តដឹកឈើ ហើយតថ្លៃមិនត្រូវគ្នា ទើបបង្កការបាញ់បោះតែម្ដង។ ករណីនេះផងដែរ ជនបង្កមិនទាន់ត្រូវបានចាប់ខ្លួនឡើយ។
ហេតុការណ៍បាញ់បោះប៉ងសម្លាប់មនុស្សដោយចេតនាពីសំណាក់មន្ត្រីយោធាខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចជិតផ្លូវបំបែក ចូលទៅវរៈ៣៨២ ស្ថិតក្នុងភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វរសេនីយ៍ទោ ស៊ឹម សុផាត នាយការិយាល័យសណ្ដាប់ធ្នាប់សន្តិសុខអភិរក្សប្រាសាទព្រះវិហារ ឲ្យដឹងថា ករណីផ្ទុះអាវុធនេះ មានសេចក្ដីរាយការណ៍មកថា រថយន្តសាំយ៉ុង ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AN-9680 ដែលគេសង្ស័យថា ដឹកឈើ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ដើម្បីត្រួតពិនិត្យ តែដោយរថយន្តនោះ មិនព្រមឈប់ រឹតតែបង្កើនល្បឿនបន្ថែម ហើយបើកបុកបារាសអាជ្ញាធរទៀតនោះ ទើបអាជ្ញាធរធ្វើការបាញ់តែម្ដងទៅ។ យ៉ាងណា លោកបញ្ជាក់ថា សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីនាំខ្លួនជនបង្ក យកមកសួរនាំចាត់ការតាមច្បាប់។

ដោយឡែក ម្ចាស់រថយន្ត ដែលជាជនរងគ្រោះខាងលើ ប្រាប់ឲ្យដឹងថា រថយន្តរបស់គេ គឺបានដឹកឈើក្ដារយកទៅធ្វើជញ្ជាំងផ្ទះនៅស្រុកកំណើត នៅឯខេត្តកំពត ដែលមានចំនួនប្រហែល៦ទៅ៧ផ្លានប៉ុណ្ណោះ។ ជនរងគ្រោះ បញ្ជាក់ថា នៅខណៈខ្លួនបើករថយន្តមកដល់ចំណុចផ្លូវបំបែកក្សាន្ត មានក្រុមសមត្ថកិច្ច បានដេញស្ទាក់រថយន្តរបស់ខ្លួនដើម្បីទារប្រាក់ តែដោយសារចរចាតម្លៃមិនត្រូវគ្នា ទើបពួកគេសម្រេចចិត្តបើករត់តែម្ដងទៅ។
ករណីនេះផងដែរ ថ្លែងប្រាប់អង្គភាពសារព័ត៌មាន Cam Post នៅព្រឹកថ្ងៃច័ន្ទនេះ មេបញ្ជាការកងរាជអាវុធហត្ថស្រុកជាំក្សាន្ត វរសេនីយ៍ត្រី ពេជ្រ សុភី បានចាត់ទុកថា ជាករណីបាញ់សម្លាប់ដោយចេតនា។

លោកឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឈឿង ចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្នភូមិព្រៃខ្លី ឃុំជ្រៃចែង ស្រុកជុំគគី ខេត្តកំពត។ ចំណែកជនបង្កឈ្មោះ ផុម គីម ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរទាហាន ឋានន្តរស័ក្តិ អនុសេនីយ៍ត្រី (ស័ក្ដិ១) នៅអង្គភាពវរៈស៊ើបការ F3 រស់នៅភូមិពាក់ស្បែក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
វរសេនីយ៍ត្រី ពេជ្រ សុភី បញ្ជាក់ថា ជនបង្កឈ្មោះ ផុម គីម បានប្រើកាំភ្លើងម៉ាក AK47 បាញ់ទៅលើរថយន្តរបស់ជនរងគ្រោះចំនួន៣គ្រាប់ ដោយត្រូវកញ្ចក់ខាងមុខ១គ្រាប់ និងខាងក្រោយ២គ្រាប់ បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូវចំពីគល់កខាងមុខ ធ្លាយទៅខាងក្រោយ។ លោកថា មូលហេតុដោយសារខាងសមត្ថកិច្ចកាក់រថយន្តដឹកក្ដារមិនឈប់ ដែលមានក្ដារចំនួនប្រហែល៣០សន្លឹកប៉ុណ្ណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនរងគ្រោះខាងលើ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអគ្គ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបសម្រេចបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែក១៦ នៅខេត្តព្រះវិហារវិញ៕


