
រតនគិរីៈ នារីក្រមុំដ៏ស្រស់ស្អាតកូនកាត់ខ្មែរឡាវម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងទាំងវ័យក្មេងគួរឲ្យសោកស្ដាយ។ ករណីអត្តឃាតនេះ ត្រូវបានឪពុកម្ដាយនាងរងគ្រោះ ដាក់ការសង្ស័យថា បណ្ដាលមកពីស្នេហាត្រីកោណ ព្រោះឃើញកូនឧស្សាហ៍និយាយទូរស័ព្ទជាមួយមនុស្សប្រុសស្ទើររាល់ថ្ងៃ។
ហេតុការណ៍ដ៏សោកសៅនេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៩៖០៥នាទីព្រឹក ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
សមត្ថកិច្ចខេត្តជាយដែនមួយនេះ បានឲ្យដឹងថា ក្រោយពីមានការភ្ញាក់ផ្អើលពីករណីអត្តឃាតខាងលើនេះ អាណាព្យាបាលបានជូនដំណឹងទៅនគរបាលក្រុងបានលុង និងការិយាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្ត ចុះមកធ្វើការត្រួតពិនិត្យសពនារីរងគ្រោះភ្លាមៗ។ នារីរងគ្រោះមានឈ្មោះ ឆៃ រ័ត្នសុគន្ធា អាយុ២៧ឆ្នាំ នៅលីវ មុខរបរម្ចាស់ហាងគុយទាវឡាវ មានយីហោ នារីរ័ត្នគន្ធា។
នគរបាលបានបញ្ជាក់ថា ក្រោយពីធ្វើកោសល្យវិច័យលើសាកសពរួចមក សពនាងគ្មានជាប់ពាក់ព័ន្ធករណីឃាតកម្មនោះទេ ពោល គឺនាងស្លាប់ដោយសារចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ដោយនាងយកក្រម៉ាចង.កនឹងចម្រឹងបង្អួចបន្ទប់របស់ខ្លួន ដែលមានកម្ពស់ជាង១ម៉ែត្រ។

ឪពុកម្តាយនារីរងគ្រោះ ប្រាប់សមត្ថកិច្ចថា មុនថ្ងៃនាងចងកពីរថ្ងៃ គឺនាងព្យាយាមលេបថ្នាំសម្លាប់ខ្លួនម្តងរួចមកហើយ តែឪពុកម្តាយដឹង ក៏សុំអង្វរ ហើយមូលហេតុនៃចងកនេះ បើតាមការសង្កេតរបស់ឪពុកម្តាយថា កូនស្រីរបស់គាត់មានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ ធ្វើឲ្យនាងខូចចិត្ត ទើបឈានទៅដល់ចងកសម្លាប់ខ្លួនឯងបែបនេះ។ ប៉ុន្តែឪពុកម្តាយមិនបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា បុរសនោះ មានឈ្មោះអ្វីនោះទេ នេះគ្រាន់តែជាការសង្ស័យ ព្រោះឃើញកូននិយាយទូរស័ព្ទជាមួយមនុស្សប្រុសស្ទើររៀងរាល់ថ្ងៃ។

បងប្អូនសាច់ញាតិសពប្រាប់ថា បន្ទាប់ពីនាងធ្វើសកម្មភាពចង.កភ្លាម ឪពុកម្តាយ និងសាច់ញាតិ ក៏បានដឹងភ្លាមៗដែរ ហើយបានស្រាយចំណងភ្លាម ដោយសាច់នាងនៅក្តៅៗ និងយកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា សង្គ្រោះមិនបានទេ នាងស្លាប់បាត់ទៅហើយ។
ក្រោយពីធ្វើកោសលវិច្ច័យរួច សមត្ថកិច្ចក៏ប្រគល់សពឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

