
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយដែលបានដកស្រង់ចេញពីសេចក្ដីប្រកាសមួយរបស់នាយកដ្ឋានឧទ្យានជាតិ និងសត្វព្រៃរបស់ថៃ ថា៖ អាជ្ញាធរថៃបានប្រកាសបិទតំបន់ទេសចរណ៍ឆ្នេរសមុទ្រម៉ាយ៉ា (Maya Bay) ដែលត្រូវបានរំលេចឡើងយ៉ាងល្បីល្បាញនៅក្នុងខ្សែភាពយន្តដែលមានការសម្ដែងដោយតារាហូលីវូដល្បីល្បាញ គឺលោក Leonardo DiCaprio ខ្សែភាពយន្តនោះមានចំណងជើងថា «ឆ្នេរសមុទ្រ»។ ការសម្រេចបិទមិនឲ្យភ្ញៀវទេសចរចូលទៅលេងកម្សាន្តនៅឆ្នេរសមុទ្រនេះ មានរយៈពេល ៤ខែ ចាប់ពីខែមិថុនា ខាងនេះទៅ។
Reuters ផ្សាយទៀតថា៖ អ្នកជំនាញផ្នែកធនធានសមុទ្រនៅទីក្រុងបាងកក បាននិយាយពីមូលហេតុនៃការបិទឆ្នេរនេះថា ប្រព័ន្ធអេកូឡូស៊ីនៅកោះនានានៅឆ្នេរសមុទ្រនោះកំពុងតែរងគ្រោះថ្នាក់ មិនអាចបំពេញតម្រូវការមនុស្សច្រើន ការបំពុលបរិស្ថានដោយសារតែទូកកម្សាន្ត និងសណ្ឋាគារនៅតាមមាត់ឆ្នេរនោះឡើយ។
អ្នកជំនាញរូបនេះ បាននិយាយថា៖ កោះប៉ប្រះទឹកជាង ៣ភាគ៤ របស់ថៃ បានរងការខូចខាត ដោយសារតែការកើនឡើងនៃកម្ដៅទឹកសមុទ្រ និងភ្ញៀវទេសចរដែលមិនត្រូវបានត្រួតពិនិត្យ ហើយលោកក៏បានផ្ដល់អនុសាសន៍ឲ្យកម្រិតចំនួនភ្ញៀវទេសចរត្រឹមចំនួន ៦លាននាក់ក្នុងមួយឆ្នាំ សម្រាប់ចូលលេងកម្សាន្តនៅតាមឧទ្យានសមុទ្រ ២២កន្លែង ដើម្បីទុកឲ្យប្រព័ន្ធអេកូឡូស៊ីអាចស្ដារឡើងវិញ។
សូមរំលឹកថា កាលពីឆ្នាំ២០១១ ថៃបានបិទតំបន់លំហែកម្សាន្តជាច្រើនកន្លែង បន្ទាប់ពីមានការប្រែប្រួលនៃសីតុណ្ហភាពទឹកសមុទ្រ បានបណ្ដាលឲ្យខូចខាតដល់ផ្កាថ្មនៅសមុទ្រអាន់ដាម៉ាន់ ដែលជាតំបន់កម្សាន្តលំដាប់ពិភពលោកមួយ ម្យ៉ាងទៀតប្រទេសនេះក៏បានបិទកោះមួយចំនួនផងដែរកាលពីឆ្នាំ២០១៦។


