
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណបក្សកាន់អំណាច និងរាជរដ្ឋាភិបាល ស្វាគមន៍ជាមួយអ្នកនយោបាយទូទៅ ដើម្បីដោះស្រាយបញ្ហាជាតិ តែមិនចរចាជាមួយក្រុមអតីតបក្សប្រឆាំង ដែលមិនគោរពច្បាប់នោះទេ។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បន្ទាប់ពីមេធាវីរបស់លោក កឹម សុខា បានស្នើឲ្យអ្នកនយោបាយខ្មែរ ងាកមកធ្វើការសន្ទនាគ្នាដោយសន្តិវិធីវិញ ប្រសើរជាងយកគំនិតសងសឹកគ្នាទៅវិញទៅមក។
លោក សុខ ឥសាន អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា ឲ្យដឹងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨នេះ តាមបណ្ដាញសង្គមតេឡេក្រាមថា “គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បើកទ្វារចំហរចរចាជាមួយអ្នកនយោបាយខ្មែរទូទៅ បើមានការចាំបាច់ក្នុងការដោះស្រាយបញ្ហាជាតិ និងប្រជាជន តាមរយៈនយោបាយបង្រួបបង្រួមជាតិ និងវប្បធ៌មសន្ទនា។ ហេតុនេះ លោក សម រង្ស៊ី កុំបំភ្លេចចោលនយោបាយមានស៊ីអត់សែន មានសែនអត់ស៊ីអី ឥឡូវមានសែនអត់ស៊ីហើយ”។
ជាមួយគ្នានោះ លោក សុខ ឥសាន ក៏បានចំអកទៅកាន់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នូវពាក្យនយោបាយមានអត់សែនមានសែនអត់ស៊ី ទៅណាបាត់ហើយ។ លោកបន្តថា ប្រជាជនកម្ពុជា នៅចាំមិនភ្លេចទេ ដែលទណ្ឌិត សម រង្ស៊ី បានដាក់ចេញនូវនយោបាយចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាខ្មាំងសត្រូវស៊ីសាច់ហុតឈាម បើមានមួយ ត្រូវអត់មួយ តាមរយៈពាក្យស្លោក មានស៊ីអត់សែន មានសែនអត់ស៊ី។
លោកបញ្ជាក់ថា តាមរយៈនយោបាយមានមួយអត់មួយនេះ របស់លោក សម រង្ស៊ី នៅទីបំផុតបានសម្រេចផល សមតាមបំណងប្រាថ្នារបស់ខ្លួនហើយ គឺចាប់តាំងពីឆ្នាំ២០១៥ មកដល់ពេលនេះ មានសែនអត់ស៊ីមែន។ ប៉ុន្តែ គួរឲ្យឆ្ងល់ជាពន់ពេកណាស់ បើបានជោគជ័យហើយ ហេតុម៉្តេចលោក សម រង្ស៊ី មិនទទួលយក។
អ្នកនំាពាក្យគណបក្សកាន់អំណាច ក៏បានលើកលើកឡើងជាចម្ងល់ថា ហេតុអ្វីបានជាលោក សម រង្ស៊ី ចាំបាច់អ្វីមកអំពាវនាវរកការចរចាថ្នាក់ជាតិស្អីនោះ ដោយមានអន្តរជាតិធ្វើជាសាក្សីស្អីទៀត ព្រោះថា ការចរចា ដែលមានអន្តរជាតិធ្វើសាក្សី បានអនុវត្តន៍រួចហើយ តាំងពីឆ្នាំ១៩៩១មកម៉្លេះ ក្នុងបរិបទដែលប្រទេសកម្ពុជា មានជម្លោះរវាងខ្មែរ និងខ្មែរ។ ប៉ុន្តែនាពេលនេះ មិនមែនដូចពេលមុនទេ គឺអត់មានជម្លោះរវាងខ្មែរ និងខ្មែរទេ មានតែខ្មែរ សម រង្ស៊ី កឹម សុខា និងខ្មែរ១១៨នាក់ ប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរដល់ថ្នាក់ក្បត់ជាតិ ទើបត្រូវទទួលទោសតាមច្បាប់។ ដូច្នេះ គ្មានទេ ការចរចាជាមួយអ្នកខុសច្បាប់ និងអ្នកមានទោស ទុកចរចាជាមួយតុលាការចុះ។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជានេះ បន្ទាប់ពីមេធាវីលោក កឹម សុខា ធ្លាប់បានស្នើឲ្យអ្នកនយោបាយខ្មែរ ពិសេសនោះថ្នាក់ដឹកនាំគណបក្សកាន់អំណាច ធ្វើការសន្ទនាគ្នាវិញ ប្រសើរជាងយកគំនិតសងសឹកគ្នា។ លើសពីនេះ មេធាវីដដែល ក៏បានលើកឡើងថា អ្នកនយោបាយ គួរគិតពីប្រយោជន៍ជាតិជាធំ ព្រោះថា ប្រសិនបើអន្តរជាតិ ដាក់គំនាប ឬទណ្ឌកម្មផ្នែកសេដ្ឋកិច្ចមកកម្ពុជានោះ អ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋ៕

