
នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងពិធីសំណេះសំណាល ជាមួយកម្មករជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ សម្តេច ហ៊ុន សែន បានថ្លែងថា៖ សួរថាព្រៃឈើអ្នកណាទៅកាប់យក និយាយឲ្យពិត គ្មានអ្នកណាក្រៅពីពលរដ្ឋទៅកាប់ ដើម្បីធ្វើស្រែចំការរាល់ថ្ងៃ ដោយសារកំណើនពលរកើនឡើង។
សម្តេចបន្តថា ជំនាន់ដើមខេត្តព្រៃវែងសំបូរព្រៃ ប៉ុន្តែបច្ចុប្បន្នព្រៃវែង មិនមានព្រៃទៀតទេ ដោយសារតែប្រជាជនកើនឡើង ហើយពីមុនព្រះសីហនុ ក៏មានព្រៃច្រើនដែរ ប៉ុន្តែឥឡូវមានការអភិវឌ្ឍ។ សម្តេច ហ៊ុន សែន- បានថ្លែងថា ភាគច្រើនបក្សប្រឆាំង ជាអ្នកញុះញង់ ឲ្យប្រជាពលរដ្ឋ ប្រឆាំងរាជរដ្ឋាភិបាល តាមរយៈការតវ៉ារឿងដីធ្លី និងជួនកាល ជាអ្នករុញឲ្យពួកគាត់ កាប់បំផ្លាញព្រៃឈើ ។
សម្តេចអះអាងថា ប្រទេសណាក៏កាប់ឈើដែរ នៅបារាំង និងប្រទេសណាទាំងអស់ កាប់ព្រៃទាំងអស់ កាប់ព្រៃធ្វើអ្នកមាន។ នៅក្បាលឆាយនេះ ក៏មានការកាប់ដែរ អ្នកណាទៅកាប់ ជួញកាលអាបក្សប្រឆាំងហ្នឹង គឺរុញមនុស្សទៅកាប់ ខ្លះកាប់ទៅធ្វើស្រែ ធ្វើចំការមនុស្សកើនឡើងត្រូវការដី។ ក្រុមប្រឆាំងវាតែបែបហ្នឹង ចឹងហើយបានវាចឹង ហើយស្រែកថា ហ៊ុន សែន អើចុះចេញទៅ ចាំទៅអាពៅអើយ អញមិនទៅណាទេ។ នេះជាប្រសាសន៍របស់ សម្តេច។
ក្នុងឱកាសនោះដែរ សម្តេចក៏បានផ្តាំទៅអ្នកនិយាយថា គេមកយកដីខ្លួន ប៉ុន្តែដីដែលពួកគាត់រស់នៅជាដីរបស់រដ្ឋ ហើយដល់ពេលរដ្ឋ យកត្រឡប់មកវិញ អាងស្រែកតវ៉ាថាបាត់បង់ដី ដូច្នេះអ្នកនិយាយបែបនេះ ត្រូវមានការប្រុងប្រយ័ត្ន។ សម្តេចតេជោ បានឲ្យដឹងទៀតថា អ្នកខ្លះនៅខេត្តនេះ តែទៅរកដីនៅខេត្តនោះ ភាគច្រើនចេញពីបក្សប្រឆាំង ហើយអ្នកខ្លះស្រែកថា គេយកដីខ្លួន អ្នកណាទៅយក ព្រោះជាដីរបស់រដ្ឋ។
សម្តេចថា ការបណ្តេញកម្មករចេញ មិនមែនជាដំណោះស្រាយទេ យកល្អត្រូវជួបគ្នាដោះស្រាយ ដូច្នេះគួរតែមានការអប់រំល្អជាង។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិក្រោមគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាមានដូចជាការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ការកសាងសាលារៀន មន្ទីរពេទ្យនៅគ្រប់ទីកន្លែង និងការពង្រីករោងចក្រទៅតាមបណ្តាលជនបទជាដើម


