
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រកាសថា រដ្ឋបាលរាជធានីភ្នំពេញនឹងមិនយកប្រាក់ពីអាជីវករ លើការសាងសង់ផ្សារច្បារអំពៅឡើងវិញឡើយ រួមនឹងការផ្តល់សេវាផ្សេងៗ ក៏មិនយកប្រាក់ផងដែរ ។ លោកថា នេះជាកាដូរបស់សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនបងប្អូនអាជីវករទាំងអស់។
ការប្រកាសបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ មីនា ខណៈដែលលោកដឹកនាំមន្ត្រី និងអាជ្ញាធរ ចុះសួរសុខទុក្ខនិងពិនិត្យមើលស្ថានភាពផ្សារច្បារអំពៅ ក្រោយពីត្រូវអគ្គិភ័យឆាបឆេះអស់រាប់រយតូបនោះ។

លោក ឃួង ស្រេង បានបញ្ជាក់នៅចំពោះមុខអាជីវករថា សម្តេចតេជោ ហ៊ុន សែន នាករដ្ឋមន្ត្រីបានសម្រេចរួចហើយ ដោយសម្រេចឲ្យមានការសាងសង់ផ្សារច្បារអំពៅឡើងវិញ ហើយតូបផ្សារទាំងមូល គឺសម្តេចជាអ្នកចេញលុយទាំងស្រុង។ ចំណែកបងប្អូនអាជីវករទាំងអស់ ត្រូវសាងសង់តូបឡើងវិញដោយខ្លួនឯង។

លោក ឃួង ស្រេង បានបញ្ជាក់នៅចំពោះមុខអាជីវករទៀតថា ការសាងសង់ផ្សារច្បារអំពៅឡើងវិញ គឺមិនឲ្យមានការដំឡើងចំនួនតូបឡើយ ។ បើបងប្អូនទទួលបានព័ត៌មានថា មានការដំឡើងចំនួនតូបនោះ សូមរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរនឹងមានវិធានការភ្លាម។ លោកបន្តថា ក្រៅពីការសាងសង់តួផ្សារឲ្យហើយនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងកសាងផ្លូវ ជុំវិញផ្សារ និងដាក់លូឲ្យផងដែរ។ ទោះបីជាយ៉ាងណាក្តីលោក ឃួង ស្រេង បានសំណូមដល់បងប្អូនអាជីវករទាំងអស់ជួយចូលរួមលើបញ្ហាអនាម័យបរិស្ថាន ក្នុងផ្សារឲ្យបានល្អ។

គួររំលឹកថា គ្រោះអគ្គិភ័យដ៏អាក្រក់ឆេះផ្សារច្បារអំពៅនេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ដែលបានឆេះតូបក្នុងផ្សារច្បារអំពៅ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យលើកនេះ សមត្ថកិច្ចបានបញ្ជាក់ថា បណ្តាលមកឆ្លងចរន្តអគ្គិសនី (ទុស្សេ) ម្តុំតូបឈាងខាងកើតផ្សារ បង្កជាអណ្តាតភ្លើងឆេះតូបតគ្នាៗឡើងយ៉ាងសន្ធោសន្ធៅតែម្ដង ដោយបំផ្លាញអស់តូបសរុប ៥៨៦តូប ក្នុងនោះតូបក្នុងតួរផ្សារ ចំនួន៣៤២តូប និងតូបក្រៅតួរផ្សារ ចំនួន២៤៤តូប ប៉ុន្តែមិនមានរងរបួសដល់អាយុជីវិតមនុស្សនោះទេ៕



