
ស៊ីដនីៈ ប្រទេសអូស្ត្រាលី បានសន្យាផ្ដល់ជំនួយដល់កម្ពុជា ក្នុងទឹកប្រាក់ប្រមាណជិត១០០លានដុល្លារអាមេរិក សម្រាប់ជំរុញដល់ការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា ឲ្យកាន់តែមានសន្ទុះលឿនទៅមុខ និងទទួលបានជោគជ័យ។ ការប្រកាសផ្ដល់ជំនួយដ៏ច្រើននេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ម៉ាល់ខូម ថើនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រ្តាលី នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅមជ្ឍមណ្ឌលសន្និសីទអន្តរជាតិ ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
នៅក្នុងជំនួបប្រជុំទ្វេភាគីនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី បានចាត់ទុកថា ជាកិច្ចប្រជុំដ៏មានផ្លែផ្កាវិជ្ជមាន ពីព្រោះលោកមានឱកាសនបានស្តាប់ប្រសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី ដោយផ្ទាល់ ដែលបានបញ្ជាក់ច្បាស់ថា កម្ពុជា ស្វាគមន៍បើកចំហរដល់សហគមអន្តរជាតិ និងបើកឱកាសទូលំទូលាយដល់ទំណាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា កម្ពុជា នឹងខិតខំរៀបចំការបោះឆ្នោតឲ្យបានល្អត្រឹមត្រូវទៅតាមកាលកំណត់។ សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសអូស្រ្តាលី ដែលបានបើកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដែលបានជួយកសិករបង្កើនទិន្នផលស្រូវបានខ្ពស់ (CARDI)។

លោកនាយរដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយសន្យាបន្តផ្តល់ជំនួយ៨៧លានដុល្លារ សម្រាប់ជំរុញការអភិវឌ្ឍនៅកម្ពុជា ព្រមទាំងប្តេជ្ញាបន្តកិច្ចសហការជាមួយសម្តេចនាយករដ្ឋមន្រ្តី ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា ឲ្យកាន់តែមានសន្ទុះលឿនទៅមុខ និងទទួលបានជោគជ័យ។
នៅក្នុងកិច្ចពិភាក្សាថ្ងៃនេះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ ក៏បានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិជាមួយគ្នា ក្នុងការថែរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ (UN) នៅក្នុងពិភពលោកថែមទៀតផង។ សម្ដេចតេជោ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តីបំផុត ដោយលោកនាយករដ្ឋមន្រ្តី៕
