Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រាជរដ្ឋាភិបាលនឹងធ្វើបុណ្យតាមប្រពៃណីខ្មែរ ប្រសិនបើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិស្លាប់ក្នុងពន្ធនាគារត្រពាំថ្លុងមែននោះ ។ នេះបើតាមអះអាងរបស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

ការអះអាងរបស់អ្នកនំាពាក្យគណបក្សកាន់អំណាចនេះ បន្ទាប់ពីក្រុមមេធាវីការពារក្តីឲ្យលោកកឹម សុខា ចោទសំណួរទៅចៅក្រមថា តើដាក់ពន្ធនាគារលោក កឹម សុខា ដល់ស្លាប់ឬ?

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១១ មីនា ឆ្នាំ ២០១៨នេះថា បើ កឹម សុខា ស្លាប់ក្នុងគុក តើអ្នកណាទទួលខុសត្រូវ ? មិនមែនជារឿងពិបាកយល់ទេ បើសិនជា កឹម សុខា ស្លាប់នៅក្នុងគុកនោះ តើអ្នកណាទទួលខុសត្រូវ ?

លោកបញ្ជាក់ថា « កឹម សុខា ជាអ្នទទួលខុសត្រូវខ្លួនឯងពីព្រោះស្លាប់ខ្លួនឯង អត់មានអ្នកណាស្លាប់ជាមួយទេ?។ មេក្លោងដែលបញ្ជាឲ្យ កឹម សុខា ប្រព្រឹត្តអំពើក្បត់ជាតិ ជាអ្នករួមទទួលខុសត្រូវ ដែលបណ្តាលឲ្យ កឹម សុខា ត្រូវចាប់ខ្លួន ដោយអំពើក្បត់ជាតិ »

លោកក៏បានគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា « បើសិនជា កឹម សុខា ស្លាប់មែន រាជរដ្ឋាភិបាលកម្ពុជា មានការទទួលខុសត្រូវក្នុងការយកសពទៅបញ្ចុះ ឬ បូជា ស្របតាមទំនៀមទម្លាប់ប្រពែណីខ្មែរ» ។

សូមជម្រាបថា បើតាមសារព័ត៌មានក្នុងស្រុកមួយបានស្រង់សំដីក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ផ្សាយថា ក្រុមមេធាវីបាន ចោទសួរនៅចំពោះមុខចៅក្រមតុលា ការកំពូលកាលពីថ្ងៃទី៩ មីនា ឆ្នាំ២០១៨ថា អ្នកណាទទួលខុសត្រូវបើកូនក្តីរបស់ពួកគេស្លាប់ នៅក្នុងពន្ធនាគារដោយសារតែការមិនអនុញ្ញាត ឲ្យទទួលការព្យាបាលជំងឺពីពេទ្យជំនាញនៅខាងក្រៅ។

ក្នុងបន្ទប់សវនាការក្រុមមេធាវីលើកឡើងថា លោក កឹម សុខា កំពុងតែធ្លាក់ខ្លួនឈឺដល់កម្រិតធ្ងន់ធ្ងរ គឺគេងមិនលក់ដោយសារជំងឺគៀបសរសៃ ទឹកនោមផ្អែម និង លើសឈាម ធ្វើទុក្ខ ហើយថា ពេលនេះកូនក្តីរបស់ពួកគេស្គមខ្លាំង និងហើមភ្នែកដោយសារមិនបានគេង។

លោក ជូង ជូងី មេធាវីការពាក្តីម្នាក់បានលើកឡើងថា លោកបារម្ភខ្លាំងថា កូនក្តីរបស់លោកអាចស្លាប់ ហើយលោកសួរថា តុលាការជាអ្នកទទួលខុសត្រូវករណីនេះ ឬ យ៉ា ងណា?

មេធាវីម្នាក់ទៀតលោក ចាន់ ចេន ប្រាប់ចៅក្រមថា ពេទ្យក្នុងពន្ធនាគារមិនមានសម្ភារៈ ដើម្បី សង្គ្រោះជីវិតលោក កឹម សុខា បានទេ។ លោកបន្តថា លោក កឹម សុខា រាល់យប់គេងបានតែមួយចំហៀងខ្លួន ដោយសារតែឈឺចាប់ពីជំងឺគៀបសរសៃហើយ ពេលនេះកំពុងហើមមួយចំហៀងខ្លួន។

បន្ទាប់ពីការដេញដោលហេតុផល ដោយមានភាពតានតឹងជាង២ម៉ោងនោះ ក្រុមមេធាវីការពារក្តីទាំង៧រូប បានសម្រេចចិត្តដើរចេញពីបន្ទប់សវនាការ ដោយមិនរង់ចាំស្តាប់សេចក្តីសម្រេចទេ ដោយសារពួកគេថា មិនមានជំនឿលើចៅក្រុម ឲ្យកូនក្តីរបស់ពួកគេនៅក្រៅឃុំនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor