
ភ្នំពេញៈ ក្រុមក្មេងស្ទាវប្រុសស្រីជិះម៉ូតូជាច្រើនគ្រឿង ប្រដេញវាយគ្នាតាមផ្លូវក្នុងល្បឿនយ៉ាងលឿន មកដល់ផ្លូវមានស្ថានភាពងងឹត បានវាក់នឹងរថយន្តបើកបញ្ច្រាសទិសដៅចរាចរណ៍ បណ្តាលឲ្យបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ ស្លាប់យុវតីម្នាក់ មួយរំពេច ខណៈយុវជនម្នាក់ ដាច់ខ្យល់ស្លាប់អំឡុងពេលបញ្ជូនទៅមន្ទីរពេទ្យ និង២នាក់ផ្សេងទៀត រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានកើតឡើងនៅម៉ោង១២៖៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខច្រកចូលបុរី សែន មនោរម្យ ស្ថិតតាមផ្លូវជាតិលេខ៤ ម្ដុំផ្សារអូឌឹម ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្នកដែលឃើញហេតុការណ៍ផ្ទាល់ ប្រាប់ភ្នាក់ងារសារព័ត៌មាន Cam Post ឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញក្រុមក្មេងស្ទាវជាច្រើននាក់ មានទាំងប្រុសទាំងស្រី ជិះម៉ូតូជាច្រើនគ្រឿងក្នុងល្បឿនយ៉ាងលឿន តាំងពីម្ដុំរង្វង់មូលចោមចៅ ក្នុងទិសដៅពីកើតទៅលិច តាមផ្លូវជាតិលេខ៤ ដោយដេញវាយគ្នាយ៉ាងអនាធិបតេយ្យ។ លុះពេលពួកគេជិះមកដល់ចំណុចកើតហេតុខាងលើ ដែលជាផ្លូវមានស្ថានភាពងងឹតផង និងកំពុងជិះក្នុងលឿនយ៉ាងលឿនទៀត ក៏វាក់នឹងរថយន្ត SIENNA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-2375 ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនលឿនដូចគ្នា (បញ្ច្រាសទិសដៅចរាចរណ៍) បានបុកចំពីមុខរថយន្តពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យយុវតីម្នាក់ ត្រូវខ្ទាតផ្លោងពីលើម៉ូតូបោកក្បាលហ្នឹងថ្នល់ស្លាប់ភ្លាមៗគួរឲ្យរន្ធត់។ ចំណែកឯក្មេងស្ទាវ៣នាក់ផ្សេងទៀត រងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះអាយុជីវិត តែជាអកុសលយុវជនម្នាក់ បានដាច់ខ្យល់ពេលកំពុងបញ្ជូនទៅមន្ទីរពេទ្យ។

រីឯរថយន្ត SIENNA និងម៉ូតូ Dream ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌លឿងលាយខ្មៅ អត់ស្លាកលេខ និងម៉ូតូធំ EXCITOR ពណ៌ខៀវ អត់ស្លាកលេខ មួយគ្រឿងទៀត សមត្ថកិច្ចនៅមិនទាន់ដឹងអ្នកណាជាម្ចាស់ម៉ូតូមួយណានៅឡើយទេ។ ប៉ុន្តែវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង រួចស្ទូច និងដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងសងខាងដោះស្រាយគ្នាពេលក្រោយ។
ដោយឡែក សាកសពយុវតី វ័យប្រហែល១៨ឆ្នាំ និងយុវជនវ័យប្រហែល២០ឆ្នាំ ទាំងពីរ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់ឲ្យរថយន្តដឹកសពយកទៅរក្សាទុកនៅវត្តទឹកថ្លា រង់ចាំប្រកាសរកសាច់ញាតិតាមក្រោយ៕












