Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ យុវតីម្នាក់ ជិះម៉ូតូ Scoopy ដោយមិនពាក់មួកសុវត្ថិភាព ដែលទើបមកពីស្រុក ដើម្បីចូលរួមបុណ្យបច្ច័យបួនលោកយាយ បានជ្រុលទៅបុកបង្កាន់ដៃស្ពាន រួចផ្លោងធ្លាក់ពីស្ពានព្រែកក្តាម បណ្ដាលឲ្យនាងរងរបួសធ្ងន់ ហើយត្រូវបាន​បញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្រ្គោះអាយុជីវិត ប៉ុន្តែអកុសលនាងបានដាច់ខ្យល់ស្លាប់ មុនពេលក្រុមគ្រួសារទៅដល់។

​គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់​នេះ បានកើតឡើងនៅវេលាម៉ោង​៦៖២០នាទីយប់ ថ្ងៃសៅរ៍ ៩រោច ខែផល្គុន‌ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ​២០១៨នេះ ​នៅចំណុចលើស្ពានព្រែកក្ដាម (ស្ពានមិត្តភាពកម្ពុជា-ចិន) ភូមិទួលងោក ឃុំកំពង់លួង‌ ស្រុកពញាឮ ខេត្តកណ្ដាល។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ យុវតីរងគ្រោះបានជិះម៉ូតូ Scoopy ពណ៌ស ពាក់ស្លាកលេខ ​ភ្នំពេញ​ 1GM-4651 ដោយមិនពាក់មួកសុវត្តិភាព ធ្វើដំណើរឡើងលើស្ពាន មានទិសដៅពីត្បូងទៅកើត ខណៈពេលបើកបរមកដល់ចំណុចកើតហេតុខាងលើ មិនដឹងយ៉ាងម៉េច នាងបានបើកបុកនឹងបង្កាន់ដៃស្ពាន បណ្ដាលឲ្យហោះផ្លោងធ្លាក់ពីលើស្ពានព្រែកក្ដាម រងរបួសធ្ងន់ធ្ងរ ហើយហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះ ខណៈម៉ូតូត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ រង់ចាំស្រាវជ្រាវរកសាច់ញាតិឲ្យមកទទួល។

សមត្ថកិច្ចបន្តថា ភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយយុវតីរងគ្រោះទទួលរងរបួសធ្ងន់នោះ បានទាក់ទងឲ្យរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត រហូតដល់ម៉ោង១១យប់ថ្ងៃកើតហេតុ ទើបរកឃើញសាច់ញាតិទៅដល់មន្ទីរពេទ្យ ប៉ុន្តែអកុសលនាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សាច់ញាតិ​ជនរងគ្រោះ ប្រាប់ឲ្យដឹងថា យុវតីរងគ្រោះ ទើបមកពីស្រុកកំណើត ដើម្បីចូលរួមបុណ្យបច្ច័យបួនរបស់លោកយាយ ប៉ុន្តែពេលត្រឡប់មកវិញ បែរជួបរឿងអកុសលបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតតាមផ្លូវបែបនេះ។ សាកសពនាង ត្រូវវបានបញ្ជូនដល់ផ្ទះហើយ ដែលស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាវេលាម៉ោង១៖៣០រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor