
ភ្នំពេញៈ អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាង និងស្វាគមន៍ចំពោះវត្តមានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិមកស្រុកខ្មែរវិញ ដោយកុំបានតែស្រែកនៅក្រៅប្រទេស ដើម្បីកៀរគរបរទេសមកដាក់គំនាបកម្ពុជានោះ។
ការលើកឡើងរបស់អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជានេះ ស្របពេលដែល លោក សម រង្ស៊ី និងបក្ខពួកខ្លួនបានកំពុងតែដើរកៀរគរទេសដាក់គំនាបមកកម្ពុជា ដោយឲ្យមានការដោះ លែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិកំពុងជាប់ពន្ធនាគារ និងឲ្យមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
ជាងនេះទៅទៀតលោក សម រង្ស៊ី បានទាមទារឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីទៀតផង។ យ៉ាងណាក្តីការទាមទារនេះ ត្រូវបានលោក សុខ ឥសាន ឆ្លើយតបថា ការទាមទារ និងបង្ខំឲ្យចុះចេញពីតំណែងដ៏អត់ន័យរបស់ទណ្ឌិត សម រង្ស៊ី មេ ឧទ្ទាមក្រៅច្បាប់ ក្នុងខណៈដែលខ្លួនឯងបាននិងកំពុងនិរទេសខ្លួននៅក្រៅប្រទេស គ្មានគោ លដៅច្បាស់លាស់ បែរជាមកប្រើមធ្យោបាយទុច្ចរិត។
លោកបន្តថា ការធ្វើសកម្មភាពរបស់ សម រង្ស៊ី កាន់តែបង្ហាញឲ្យឃើញច្បាស់ថា សម រង្សី និងបក្សពួកឧទ្ទាមក្រៅច្បាប់កំពុងឡប់សតិ និងអស់សង្ឃឹមមែនទែនហើយ។ ហើយជាការឆោតល្ងង់បំផុតដែលប្រកូកប្រកាសប្រមូលកម្លាំងមហាជន កម្មករនិយោជិត និងកងកម្លាំងប្រដាប់អាវុធដែលកំពុងតែគាំទ្រយ៉ាងមុតមាំលើការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងក្តាប់អំណាចយ៉ាងរឹងមាំក្នុងដៃនោះ។
លោកបញ្ជាក់ថា «ដូច្នេះការទាមទារ និងការប្រមែប្រមូលកម្លាំងនានាមកបង្ខំសម្តេចតេជោឲ្យចុះចេញពីតំណែងនោះ ជាសកម្មភាពដ៏អត់ន័យបំផុត។ ផ្ទុយទៅវិញទង្វើនេះកាន់តែដុតកំហឹងដល់ប្រជាជនមហាជន និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យឆាបឆេះសន្ធោរសន្ធៅទៅលើពួកឧទ្ទាមក្រៅច្បាប់ដឹកនាំដោយជនក្បត់ សម រង្ស៊ី ឲ្យតែឃើញមុខអាលនឹងចាត់ការភ្លាមតែប៉ុណ្ណោះ។ បើ សម រង្ស៊ី ពិតជាក្លាហាន សូមអញ្ជើញចូលមកក្នុងស្រុកមក នោះនឹងឃើញ គុកស្វាគមន៍ជាក់ជាមិនខានឡើយ»។
សូមជម្រាបថា លោក សម រង្ស៊ី ធ្លាប់បានប្រកាសជាញឹកញាប់ថា លោកនឹងមកកម្ពុជាវិញ នៅមុនពេលបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាខាងមុខនេះ៕
