
អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យស្នងការថ្មីប្រចាំនៅក្នុងខេត្តមណ្ឌលគិរីឲ្យរៀបចំទីតាំងឈរជើង និងជម្រកស្នាក់នៅរបស់កម្លាំងការពារព្រំដែនឲ្យបានសមរម្យ និងច្បាស់លាស់។
ក្នុងពិធីប្រកាសតែងតាំងជាផ្លូវការ ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា៖ ឥឡូវនេះ ខ្ញុំដាក់បន្ទុកឲ្យស្នងការរៀបចំភ្លាមដំណើរការថ្មី ត្រូវស្គាល់ភូមិសាស្ដ្រទៅមើលជួយរៀបចំ សិក្សាឡើងវិញអំពីទីតាំង កន្លែងឈរជើង ជំរកយើងនឹងរួមគ្នាដើម្បីគិតគូរ ធ្វើម៉េចដោះស្រាយជំរក។ នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ដោយមើលឃើញទីតាំងឈរជើង និងកន្លែងស្នាក់នៅរបស់កម្លាំងនគរបាលតាមព្រំដែន នៅមានបញ្ហាប្រឈមនោះ លោកបានបញ្ជាឲ្យស្នងការថ្មីនៃខេត្តមណ្ឌលគិរី ត្រូវតែរៀបចំទីតាំងឈរជើង និងជម្រកស្នាក់នៅរបស់កម្លាំងនគរបាលវរព្រំដែនឲ្យបានសមរម្យ និងច្បាស់លាស់។
យោងតាមការចុះផ្សាយរបស់នគរបាលជាតិបានឱ្យដឹងថា៖ សម្រាប់ផែនការដែល ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យដោះស្រាយភ្លាមៗនោះគឺ ទីតាំងវរៈសេនាតូច និងទីតាំងប៉ុស្ដិ៍ឈរជើង ត្រូវតែមានកន្លែងមួយច្បាស់លាស់ ហើយត្រូវតែមានប្រព័ន្ធលេណដ្ឋានការពារ។ ទោះបីជំរក និងទីតាំងរបស់កម្លាំងនគរបាលតាមព្រំដែនដែលត្រូវសាងសង់មិនបានទំនើបដូចប្រទេសជិតខាង ប៉ុន្ដែត្រូវតែធ្វើយ៉ាងណាឲ្យបានរឹងមាំ និងមានប្រព័ន្ធការពារគ្រប់គ្រាន់។
ក្រៅពីបញ្ជាដល់ស្នងការថ្មីខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ឡោ សុខា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងទទួលការងារព្រំដែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង ស្នងការហិរញ្ញកិច្ច និងភស្តុភា ត្រូវតែរួមគ្នាដើម្បីពិនិត្យ និងដោះស្រាយបញ្ហាទាំងអស់នេះឲ្យបានឆាប់រហ័ស។


