
ពោធិ៍សាត់ៈ សាកសពក្មេងប្រុសម្នាក់ ក្រោយពីបាត់ខ្លួន១យប់ ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតក្នុងរណ្តៅទឹកមួយកន្លែង បង្កការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ចាន់ ធឿន អាយុ៦ឆ្នាំ មានឪពុកឈ្មោះ ថន សុចន្ថា អាយុ៣៦ឆ្នាំ នឹកម្ដាយឈ្មោះ ហុីម ពៅ អាយុ២៤ឆ្នាំ។

ប្រភពព័ត៌មានបន្តថា មុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២៩ ខែមីនា ម្តាយឪពុក រួមទាំងកូន (ក្មេងរងគ្រោះ) បាននាំគ្នាទៅបិទតស្មៅចញ្ចើមផ្លូវលំ នៅចំណុចកើតហេតុ។ លុះដល់ម៉ោង៥ល្ងាច ក្មេងប្រុសដែលស្លាប់បានទារឪពុកមកផ្ទះ ហើយឪពុកប្រាប់ថា ចាំបិទស្មៅបង្ហើយសិនចាំទៅ។ ពេលឪពុកដាំរួចហើយ ក៏ក្រឡេកមើលកូន ស្រាប់តែបាត់កូនតែម្តង រួចផ្អើលឆោឡោនាំគ្នាតាមរក តែរកមិនឃើញ។ លុះដល់ល្ងាចថ្ងៃទី៣០ ខែមីនានេះ ទើបប្រទះឃើញស្លាប់នៅក្នុងអន្លង់ស្រះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅត្រួតពិនិត្យសាកសព និងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


