Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រហូតមកទល់នឹងពេលនេះ ប៉ូលិសក្រសួងមហាផ្ទៃ មានភស្តុតាងសម្រាប់ដាក់បន្ទុកអ្នកពាក់ព័ន្ធករណីសម្លាប់ស្រ្តីមេម៉ាយកូន៣ នៅក្រុងដូនកែវ​ ខេត្តតាកែវ កាលពីដើមឆ្នាំ២០១៨ហើយ។ ទាំងអ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនអាចប្រាប់លម្អិត ឬថា អាចជាប់ពាក់ព័ន្ធលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវឡើយ ប៉ុន្តែអ្នកទាំងពីរ ក៏មិនបដិសេធដែរ។

តាមសេចក្ដីរាយការណ៍ពីប្រភពច្បាស់ការបានឲ្យដឹងថា ឧត្តមសេនីយ៍ ឡាយ​ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ទទួលបន្ទុកសេដ្ឋកិច្ច​ និងត្រូវជាបងប្រុសបង្កើត​របស់លោក ឡាយ វណ្ណៈ​ អតីតអភិបាលខេត្តតាកែវ ត្រូវបានគេអះអាងថា អាចជាប់សង្ស័យនឹងករណីឃាតកម្មនេះ ​ហើយលោកត្រូវបាន​ប៉ូលិសក្រសួងមហាផ្ទៃ​ ក្រោមបញ្ជានាយឧត្តមសេនីយ៍​ នេត​ សាវឿន​ កោះហៅឲ្យមកបំភ្លឺនៅក្រសួងមហាផ្ទៃ ក្រោយមកក៏ត្រូវប្រភពប្រាប់ថា លោកត្រូវបានថ្នាក់លើដកស័ក្តិឲ្យក្លាយទៅជាមន្រ្តីធម្មតា ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មិនបាន​បញ្ជាក់ថា នៅស័ក្តិប៉ុន្មាននោះទេ។

ដោយឡែក ប្រភពព័ត៌មានក្រៅផ្លូវការ បានបង្ហើបឲ្យដឹងថា ការដកតំណែងអភិបាលខេត្តតាកែវ​ លោក​ ឡាយ​ វណ្ណៈ​ អាចជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម ដោយសារតែលោកត្រូវបានប្រភពប្រាប់ថា ធ្លាប់មានទំនាក់ទំនងជាមួយស្រ្តីរូបស្រស់ ចេវ សុវឌ្ឍនា។ ប៉ុន្តែត្រង់ចំណុចនេះ​ នៅពេលដែល Cam Post សួរទៅលោក នេត​ សាវឿន​ និងលោក​ ខៀវ​ សុភ័គ ថាតើរឿងឃាតកម្មអាចពាក់ព័ន្ធអតីតអភិបាលខេត្តតាកែវ​ លោក​ ឡាយ​ វណ្ណៈ ទេ​ លោកនេត​ សាវឿន​ និង ខៀវ​ សុភ័គ មិនបានផ្តល់ចម្លើយឡើយ ប៉ុន្តែក៏មិនបដិសេធដែរ​។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននិយាយថា​ ក្រោយសួរនាំមន្រ្តីប៉ូលិសខេត្តកែវ ប្រមាណជិត១០នាក់​ហើយនោះ ពេលនេះ ក្រសួងមហាផ្ទៃ មានភស្តុតាងគ្រប់គ្រាន់ហើយសម្រាប់ដាក់បន្ទុកលើជនពាក់ព័ន្ធករណីសម្លាប់ស្ត្រីស្រស់សោភាម្នាក់ កាលពីដើមឆ្នាំ២០១៨ នៅក្រុងដូនកែវ ខេត្តតាកែវ។ យ៉ាងណាលោកមិនបានទម្លាយថា នរណាជាឃាតក ឬមានការពាក់ព័ន្ធនោះទេ។

បើតាមលោក ខៀវ សុភ័គ បញ្ជាក់ប្រាប់អង្គភាព​សារព័ត៌មាន Cam Post នៅយប់ថ្ងៃទី៣០ ខែមីនានេះថា “ទោះបដិសេធ​ ក៏យើងមានភស្តុតាងសម្រាប់ដាក់បន្ទុកដែរ“។ នៅពេលសួរថា តើលោក ឡាយ​ វណ្ណៈ​ អតីតអភិបាលខេត្តតាកែវ​ អាចជាប់ពាក់ព័ន្ធរឿងឃាតកម្មនេះទេ? លោក​ ខៀវ​ សុភ័គ សុំមិនបរិយាយឡើយ គ្រាន់តែបញ្ជាក់ថា សមត្ថកិច្ចមានភស្តុតាង និងសាក្សី ដែលបានឃើញគាត់(លោក ឡាយ វណ្ណៈ) ទៅកន្លែងកើតហេតុហើយ។ លោកបានប្រៀបធៀបក្រុមជនសង្ស័យទៅនឹង ប៉ុល​ ពត​ អៀង​ សារី​ និង​ ខៀវ​ សំផន​ ដែលសម្លាប់មនុស្សរាប់លាននាក់ ប៉ុន្តែមិនសារភាព។

អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បញ្ជាក់បន្ថែមថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ មន្រ្តីប៉ូលិសខេត្តតាកែវ មួយក្រុម​ ដែលប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ហៅមកសួរនាំនោះ មិនទាន់ត្រូវបានអនុញាតឲ្យទៅវិញទេ ប៉ុន្តែថ្ងៃនេះ លោកមិនច្បាស់ឡើយ​។

អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ទោ ប៉ុល រតនា​ បញ្ជាក់ថា​ ពេលនេះ ប៉ូលិសក្រសួងមហាផ្ទៃ បានអនុញាតឲ្យមន្រ្តីដែលហៅយកមកសួរនាំទៅវិញហើយ​។

អគ្គស្នងការនគរបាលជាតិ​ នាយឧត្តមសេនីយ៍​ នេត​ សាវឿន នៅព្រលប់ថ្ងៃទី៣០ ខែមីនានេះ អង្គភាពសារព័ត៌មាន​ Cam Post មិនអាចទំនាក់ទំនងសុំការពន្យលើជុំវិញករណីឃាតកម្ម ដែលបានសម្លាប់ស្រ្តីមេម៉ាយកូនបី ហើយជាប់សង្ស័យពាក់ព័ន្ធមន្រ្តីប៉ូលិសខេត្តតាកែវ នោះបានទេ ​ដោយអ្នកទទួលឆ្លើយថា លោកកំពុងជាប់រវល់។

ជុំវិញការកោះហៅមន្ត្រីមានសមត្ថកិច្ចខេត្តតាកែវ ទៅធ្វើការសាកសួរឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល ទើបបញ្ចប់តំណែងលោក ឡាយ វណ្ណៈ កាលពីពេលថ្មីៗ បន្ទាប់ពីលេចធ្លាយរឿងអាស្រូវជាច្រើនក្នុងការដឹកនាំរបស់ខ្លួន រួមទាំងព័ត៌មានពាក់ព័ន្ធករណីអត្តឃាតរបស់ស្ត្រីឈ្មោះ ចែវ សុវឌ្ឍននា នៅក្រុងដូនកែវ នោះផងដែរ។

ទោះបីជារាជរដ្ឋាភិបាល សម្រេចដកលោកចេញពីតួនាទីអភិបាលខេត្តតាកែវយ៉ាងណា លោក​ ឡាយ​ វណ្ណៈ​ បាននិយាយតាមរយៈហ្វេសប៊ុកថា “ទោះបីខ្លួនខ្ញុំ ត្រូវបានផ្លាស់ទៅដល់ទីណាក៏ដោយ តែបេះដូងខ្ញុំនឹងនៅទីនេះក្នុងខេត្តតាកែវ ជាមួយបងប្អូនជានិច្ច”

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ស្ត្រីម្នាក់ ឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក មានទីលំនៅបច្ចុប្បន្នស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិលេខ២ មានជាសមាជិកនៃក្រុមយុវជន ក១៥៧ និងជាអ្នកបម្រើការនៅរដ្ឋសភាផងដែរនោះ ត្រូវបានអ្នកបម្រើប្រទះឃើញចងកស្លាប់នៅក្នុងបន្ទប់ដេក នៅក្នុងភូមិវីឡាមួយកន្លែង នាភូមិផ្សារតាកោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ក្នុងរបាយការណ៍នគរបាលក្រុងដូនកែវ បានបញ្ជាក់ថា ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា បានយកខ្សែវាំងននបង្អួចចងកសម្លាប់ខ្លួន នៅកម្ពស់ពីកម្រាលឥដ្ឋ២៤០សង់ទីម៉ែត្រ ពីចុងជើង មកកម្រាលឥដ្ឋ២០សង់ទីម៉ែត្រ។ ករណីនេះ ជាករណីធ្វើអត្តឃាតប្រាកដមែន។ ប៉ុន្តែការស្លាប់នេះ ត្រូវបានសាច់ញាតិ និងមហាជនដាក់ការសង្ស័យថា មិនមែនជាករណីអត្តឃាតចងកឡើយ ព្រោះស្ថានភាពស្លាប់បង្កប់នូវចំណុចគួរឲ្យសង្ស័យច្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor