
កម្សាន្តៈ មួយរយៈចុងក្រោយនេះ ហុងស៊ុយរបស់អតីតតារាកំប្លែងទើបពេញកំលោះនាយ ចឺម ឡើងស្រឺតក្រោយប្តូរមកច្រៀងជាតារាអាជីពវិញ។ ក្រៅពីជាតារាប្រចាំផលិតកម្មនាយចឺម ក៏ទើបតែរកបានបងធម៌ម្នាក់ ចិត្តទូលាយដែលបងធម៌នោះក៏ជាអ្នកមានទ្រព្យច្រើនដែរ ។
តារាចម្រៀង និងជាតារាកំប្លែង នាយ ចឺម បានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសង់វីឡា១ ជូនអ្នកមានគុណរបស់ខ្លួនមានតម្លៃប្រមាណ១៤ម៉ឺនដុល្លារ។ ការសាងសង់ផ្ទះជូនម្ដាយស្ថិតនៅ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វើឡើងបន្ទាប់ពីតារារូបនេះ ហាក់មានទីផ្សារខ្ពស់ផ្នែកចម្រៀងនៅ ផលិតកម្ម សាន់ដេ ។

តារាចម្រៀងវ័យក្មេងរូបននេះ បាននិយាយថា ការសម្រេចចិត្តសាងសង់ផ្ទះជូនអ្នកមានគុណរបស់ខ្លួន គឺដើម្បីតបស្នងសងគុណអ្នកមានគុណទាំងពីរ បានផ្ដល់កំណើត រួមនឹងការបីបាច់ថែរក្សារហូតដល់នាយ មានមុខមាត់ដូចបច្ចុប្បន្ន។ នាយ ចឺម បានបញ្ជាក់ថា ”ទាន់យើងមានលុយ និងអាចរកលុយបានច្រើន។ ដូច្នេះយើងត្រូវតបស្នងទៅគាត់ កុំចាំដល់គាត់ស្លាប់ចាំធ្វើ មិនមែនជារឿងល្អទេ” ។

តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេរូបនេះ ទទួលស្គាល់ថា ថវិការសាងសង់ផ្ទះជូនម្ដាយ គឺបានមកពីទីផ្សារចម្រៀងរបស់ខ្លួនកំពុងឡើងខ្លាំងពិតមែន។ ម្យ៉ាងថវិការទាំងនេះក៏បានមកពីការសន្សំរបស់នាយកាលនៅក្រុមកំប្លែង CTN ផងដែរ។ នាយ ចឺម បន្ថែមថា នេះក៏ជាក្ដីស្រមៃនាយ បានគិតទុកជាយូរយាណាស់មកហើយផងដែរ។ ដូច្នេះនាយ ពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំងដែលខ្លួនអាចបំពេញក្ដីស្រមៃជូនលោកឪពុកអ្នកម្ដាយ៕


