Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់កាបូបពីជនបរទេសម្នាក់ មិនបានសម្រេច បែរត្រូវប្រជាពលរដ្ឋព្រួតវាយឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ចដោះស្រាយតាមក្រោយ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨៖៣០នាទីយប់ ថ្ងៃច័ន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ១២៦ ផ្លូវលេខ១៣៦ កែងផ្លូវលេខ១៣ ស្ថិតភូមិទី១១ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា នៅវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយជនបរទេស) នៅចំណុចកើតហេតុខាងលើ។

ជនសង្ស័យ ត្រូវឃាត់ខ្លួន ឈ្មោះ ឆេង លីន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៨អឺ១ ផ្លូវលេខ៥៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវប្រជាពលរដ្ឋនាំគ្នាព្រួតវាយ បណ្តាលឲ្យរបួសបែកមុខ បែកក្បាលហូរឈាម។

វត្ថុតាងចាប់យកបាន កាបូបស្ពាយពណ៌លឿងចំនួន១ ដែលមានលិខិតឆ្លងដែនចំនួន២ក្បាល ទូរស័ព្ទដៃម៉ាក សាំស៊ុងមួយគ្រឿង កាត ATM និងលុយមួយចំនួន (បានប្រគល់ឲ្យជនរងគ្រោះវិញ) ម៉ូតូមួយគ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-4126 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ចំណែក ជនរងគ្រោះមានឈ្មោះ VERA LUCIA PEREIRA LIMA ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិព័រទុយហ្គាល់ កាន់លិខិតឆ្លងដែន លេខN410731 មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារ HIG LITLAND ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-4126​ តែម្នាក់ឯង បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ ដើរជាមួយប្ដី ដែលជនរងគ្រោះជាជនជាតិបរទេស បានសម្រេចនៅតាមដងផ្លូវព្រះនរោត្ដម ក្បែររោងកុនលុច។ ភ្លាមនោះ ប្រជាពលរដ្ឋដែលឃើញសកម្មភាពជាក់ស្ដែង​ ក៏បានស្រែកថា ចោរៗៗ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជាច្រើន នាំគ្នាជិះម៉ូតូដេញតាម ហើយជនសង្ស័យភ័យស្លន់ស្លោជិះម៉ូតូព្យាយាមគេចខ្លួនរហូតទៅដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានប្រពលរដ្ឋព័ទ្ធចាប់ និងព្រួតគ្នាវាយឡើងបែកមុខមាត់ហូរឈាមជោកខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ដាក់ខ្នោះជនសង្ស័យ។

បើតាមសមត្ថកិច្ច បញ្ជាក់ឲ្យដឹងថា ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយបច្ចុប្បន្នកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សូមបញ្ចាក់ផងដែរថា ជនសង្ស័យខាងលើ ត្រូវបានប្រជាពលរដ្ឋបង្ហើបប្រាប់ថា ជាមុខសញ្ញាយ៉ាងសកម្មខាងជិះម៉ូតូឆក់ លួចគាស់ផ្ទះប្រជាពលរដ្ឋ និងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋផ្សេងៗជាច្រើនទៀត ហើយជនសង្ស័យរូបនេះ ក៏ធ្លាប់ជាប់ពន្ធធនាគារ២ដងមកហើយ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor