
កំពតៈ គំនរសំរាម ចំនួន២កន្លែង មួយកន្លែងនៅខាងកើតផ្សារ និងមួយកន្លែងទៀតនៅខាងជើងផ្សារផ្សារកំពង់ត្រាច ខេត្តកំពត កំពុងតែជះក្លិនស្អុយដល់អាជីវករ ក៏ដូចជាពលរដ្ឋដែលមកទិញអីវ៉ាន់ក្នុងផ្សារ។
អាជីវករលក់ដូរ នៅផ្សារកំពង់ត្រាច បានឲ្យដឹងថា គំនសំរាមនេះ លោកប្រធានផ្សារបានទុក តាំងពិព័រណ៍មើលរយៈពេល៣ថ្ងៃមកហើយ ធ្វើឱ្យគំនរសំរាមកាន់តែខ្ពស់ទៅៗដូចកូនភ្នំ ហើយជះក្លិនអសោចទៀតផង។

អាជីវករ បានលើកឡើងទៀថា នៅពេលត្រូវថ្ងៃ ត្រូវភ្លៀង ត្រូវខ្យល់ ធ្វើឱ្យកាកសំណល់សំរាមទាំងនេះ ស្អុយរលួយ ជះក្លិនទៅលើប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ និងជះក្លិនទៅលើ ភ្ញៀវជាតិ- អន្តរជាតិ ធ្វើដំណើរ ឆ្លងកាត់ និងចេញចូលក្នុងផ្សារ ហើយក្លិនស្អុយពីគំនរសំរាមនេះ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ទាំងចាស់ទាំងក្មេង ប្រឈមទៅនឹងការកើតជំងឺផ្សេងៗ។

ជុំវិញបញ្ហាគំនរសំរាមខាងលើនេះ ប្រជាពលរដ្ឋ ប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកម៉ៅការដោយនិយាយថា អ្នកម៉ៅការមួយណា ក៏ដូចមួយណាដែរ រឿងយកលុយដល់ខែមិនទាន់ទេ ទារភ្លាម ចុះសំរាមវិញម្តេច ក៏មិនយកឱ្យលឿន ដូចមកយកលុយផង? ទុកឱ្យស្ទះ២ទៅ៣ថ្ងៃ ហើយ នៅតែមិនទាន់មកយកទៀត ឬក៏ទុកបង្អួតអ្នកទេសចរ។
ទាក់ទិននឹងការកកស្ទះសំរាមរយៈពេលជាច្រើនថ្ងៃនេះ លោក អូន ខន អភិបាលស្រុក បានឲ្យដឹងថា លោកបានប្រាប់ទៅខាងប្រធានផ្សារហើយ ឲ្យដឹកសំរាមនេះចេញជាបន្ទាន់ ហេតុអ្វី បានទុកសំរាមឲ្យនៅសល់ទៀត៕

