header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ បានប្រតិកម្មទៅមជ្ឈដ្ឋានមួយចំនួន ក្នុងករណីតែងតាំងអនុសេនីយ៍ត្រីម្នាក់ ឲ្យទៅជាអនុប្រធាននាយកដ្ឋាន គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

សម្ដេច ស ខេង បានថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ថា “ការតែងតាំងនេះមិនមានអ្វីខុសពីក្រិត្យក្រមច្បាប់នោះទេ ហើយក៏មិនបានខុសច្បាប់ នៃការតែងតាំងតួនាទីភារកិច្ចនោះដែរ ព្រោះច្បាប់ពុំមានចែងទុក តែបើថា មិនសូវទំនង អាហ្នឹងរាងសមបន្តិច តែវាមិនមានបញ្ហាអ្វីទេ ព្រោះជាករណីចាំបាច់ មិនតែប៉ុណ្ណោះ វាអាស្រ័យទៅលើចំណេះដឹង និងជំនាញ ដែលគេអាចធ្វើបាន ទើបមានការស្នើសុំបែបនេះ។ ដូច្នោះសូមអស់លោកមេត្តាជ្រាប និងកុំភ័ន្តច្រឡំទៀត” ។

ការតែងតាំងអនុប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ត្រូវបានគេដឹងថា ជាក្មួយប្រុស របស់លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

បើតាមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ មន្រ្តីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃមួយរូប ដែលមានសកម្មភាពក្នុងការរិះគន់ឥតសន្សំចៃមាត់ ទាំងទៅលើមន្រ្តីរាជរដ្ឋាភិបាល និងបក្សប្រឆាំង កាលពីថ្ងៃទី៦ ខែមីនា បានលើកឡើងថា “បែកធ្លាយឯកសារ លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ស្នើសុំតែងតាំងមន្ត្រីឡើងផ្លោះដល់អនុប្រធាននាយកដ្ឋាន បង្កការរិះគន់ពេញបណ្ដាញសង្គម”។

លោកបន្តថា អ្នកធ្វើការបំរើជាតិជាង៣០ឆ្នាំ អត់មានគុណសម្បត្តិសម្រាប់ លោក ព្រំ សុខា ស្នើតំឡើងតួនាទីសោះ ។ ក្មួយ គិន សុលីតា ជាមន្ត្រីម្នាក់ ក្នុងចំណោមមន្ត្រីជាង៦ម៉ឺននាក់ ដែលទើបធ្វើការបានជាង១ឆ្នាំ ត្រូវបានលោក ព្រំ សុខា ពេញចិត្តស្នើតំឡើងតួនាទី ។

កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ លោក ព្រុំ សុខា តាមរយៈលិខិតមួយច្បាប់ បានស្នើទៅសម្តេច ស ខេង ស្នើសុំតែងតាំង លោក គិន សុលីតា ជាអនុប្រធានអនុប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ហើយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ សម្តេច ស ខេង ក៏បានចារយល់ព្រម ។

ក្នុងលិខិតរបស់ លោក ព្រុំ សុខា បានលើកឡើងពីគុណសម្បត្តិ និងចំណេះដឹងខ្ពស់ខ្ពង់របស់បុគ្គលនេះ ។ លិខិតបានអះអាងទៀតថា លោក គិន សុលីតា បានទទួលសញ្ញាប័ត្របរិញ្ញាប័ត្រពីអាមេរិក ។

សូមបញ្ជាក់ថា លោក គិន សុលីតា ជាអតីតមន្រ្តី នៃនាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post