Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រោយបែកធ្លាយឯកសារផ្ទេរសិទ្ធិការងារទ័ពរវាងលោកផ្កាយ៤​ គន់​ គីម​ ទៅឲ្យកូននាយករដ្ឋមន្រ្តី​គ្រប់គ្រងតំណែងជំនួស​ ពេលនេះធ្វើឲ្យមហាជនមួយចំនួនមានចម្ងល់ និងចោទសួរថា​ តើមូលហេតុអ្វីបានជាលោក គន់​ គីម​ ត្រូវផ្ទេរភារកិច្ចការងារទៅឲ្យលោក​ ហ៊ុន​ ម៉ាណែត​ កូនច្បងនាយករដ្ឋមន្រ្តី​គ្រប់គ្រងតំណែងជំនួសបណ្តោះអាសន្ន​ ត្រង់ចំណុចនេះ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បានបកស្រាយថា​ គ្មានអ្វីចម្លែកនោះទេ​ ដែលថ្នាក់ដឹកនាំកងទ័ពផ្ទេរភារកិច្ចបន្ទាន់​នោះ។

យោងតាមឯកសារដែលអង្គភាពសារព័ត៌មាន​ Cam Post ទើបទទួលបានកាលពីពេលថ្មីៗ​ ចំណារដោយនាយឧត្តមសេនីយ៍ផ្កាយមាស៤​ ប៉ុល​ សារឿន​ និង​នាយឧត្តមសេនីយ៍​ គន់​ គីម​ ចុះថ្ងៃទី២១ កុម្ភៈ​ ២០១៨ បានឲ្យដឹងថា​ ខ្ញុំបាទសូមគោរពជម្រាបជូន​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គមេបញ្ជាការ​ នៃកងយោធពលខេមរភូមិន្ទ​ សូមជ្រាបថា​ ដោយមានធុរៈផ្ទាល់ខ្លួន​ចាំបាច់​ ខ្ញុំបាទ​សូមផ្ទេរភារកិច្ចដឹកនាំ​ បញ្ជាការងារ​ សេនាធិការចម្រុះ​ ជូនឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត នាយរងសេនាធិការចម្រុះ​ ទទួលដឹកនាំ​បញ្ជា​ការងារសេនាធិការចម្រុះចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ​។

អ្នកនាំពាក្យក្រសួងការពារជាតិ​ នាយឧត្តមសេនីយ៍​ ឈុំ​ សុជាតិ​ បានចាត់ទុកថា​ ការផ្ទេរភារកិច្ចក្នុងជួរកងទ័ព​ជារឿងធម្មតានោះទេ​ សូម្បីតែសម្តេច​ ទៀ​ បាញ់​ ក៏ត្រូវផ្ទេរភារកិច្ចឲ្យអ្នកផ្សេងដែរ ​ឲ្យតែលោកមានរវល់ចាំបាច់។

បើតាមលោក​ ឈុំ​ សុជាតិ​ នៅព្រឹកថ្ងៃទី២ មីនា​ ២០១៨នេះ​ បានបញ្ជាក់ប្រាប់​ Cam Post ថា​ កាលពីថ្ងៃម្សិលមិញនាយឧត្តមសេនីយ៍​ បានផ្ទេរភារកិច្ចទៅឲ្យលោក​ ហ៊ុន​ ម៉ាណែត​ គ្រប់គ្រងការងារជំនួសមួយរយ។

លោក​ ឈុំ​ សុជាតិ​ បានបញ្ជាក់បន្ថែម​ “ នាយឧត្តមសេនីយ៍​ គន់​ គីម​ នឹងត្រូវចេញទៅក្រៅប្រទេសឆាប់ៗ ​ដើម្បីពិនិត្យសុខភាព​ ម្លោះហើយទើបត្រូវផ្ទេរភារកិច្ចមួយរយៈ​....ជាធម្មតានោះទេ​ ដែលថ្នាក់ដឹកនាំកងទ័ពត្រូវផ្ទេរភារកិច្ចតាមបែបបទរដ្ឋបាលនោះ​....ហើយមិនមានការផ្ទេរតំណែងដែរ​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor