
នៅព្រឹកថ្ងៃសុក្រ ទី០២ ខែមីនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា (TYDA ) នៅសាលមហោស្រពកោះពេជ្រ។
ថ្លែងក្នុងឱកាសនោះ សម្ដេច ហ៊ុន សែន ប្រកាសហាមគ្រូពេទ្យស្ម័គ្រចិត្តរបស់រដ្ឋាភិបាលទាំងអស់ ប្រកាន់និន្នាការនយោបាយក្នុងការព្យាបាលប្រជាពលរដ្ឋ។ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា រាល់អ្នកជំងឺដែលត្រូវការព្យាបាលនោះ គឺគ្រូពេទ្យស្ម័គ្រចិត្តត្រូវព្យាបាលពួកគេឲ្យអស់ពីលទ្ធភាព បើទោះជាពួកគេជាអ្នកគាំទ្របក្សប្រឆាំង ធ្លាប់ជេប្រមាថរដ្ឋាភិបាលក៏ដោយ។
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖ គ្រូពេទ្យស្ម័គ្រចិត្ត TYDA ត្រូវជួយពួកគាត់ដោយស្ម័គ្រចិត្ត សំខាន់ជួយព្យាបាលឲ្យពួកគាត់ជា ហាមសួរគាត់ថា បោះឆ្នោតឲ្យបក្សណា ហាមសួរបោះឆ្នោតឲ្យអ្នកណា ហាមសួរ ហើយត្រូវព្យាបាលគាត់ឲ្យជាសិន ព្រោះវាជារឿងសំខាន់។ ការងារមនុស្សធម៌ មិនត្រូវរើសអើងនិន្នាការនយោបាយទេ។
សូមបញ្ជាក់ថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ។ សមាគមនេះ បានចុះធ្វើសកម្មភាព មនុស្សធម៌ នៅតាមសហគមន៍នានាទូទាំង២៥រាជធានីខេត្ត ដើម្បីផ្តល់សេវាពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈ ការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែងសំដៅជំរុញឲ្យសេវាសុខភាពសាធារណៈកាន់តែចូលទៅកៀកប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។


