
ភ្នំពេញៈ តុលាការក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ បានកោះហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺលើដំណើររឿង នៃការចុះកិច្ចព្រមព្រៀងជាមួយលោក កុក ស ពាក់ព័ន្ធការកាត់ទឹកដីឲ្យប្រជាជនវៀតណាម។ នេះបើយោងដីកាកោះ ចុះថ្ងៃទី២២ ខែមីនាម្សិលមិញ ដែលទើបធ្លាក់ដល់ដៃអ្នកសារព័ត៌មាន នៅថ្ងៃសុក្រនេះ។
បើតាមដីកាកោះ លោក សៀង សុខ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក សម រង្ស៊ី ក្នុងនាមជាជនសង្ស័យ ឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្ទប់(ឋ) ជាន់ទី២ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង៩៖០០នាទីព្រឹក ដើម្បីបំភ្លឺដំណើររឿងពីការចុះកិច្ចព្រមព្រៀងជាមួយលោក កុក ស កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ពាក់ព័ន្ធនឹងការកាត់ទឹកដីចំនួន៤ខេត្ត ឲ្យជនជាតិដើមភាគតិច ដេហ្គា (ម៉ុងតាញ៉ា) គ្រប់គ្រង។
គួរជម្រាបថា បន្ទាប់ពីវិដេអូអំពីកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពី៥ឆ្នាំមុន ត្រូវបានបណ្តាញទំនាក់ទំនង Facebook ដែលជាសកម្មជនអតីតបក្សប្រឆាំងទម្លាយ កាលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ថ្នាក់ដឹកនាំនគរបាលជាតិកម្ពុជា បានសម្រេចប្ដឹងលោក សម រង្ស៊ី ពីបទ “ក្បត់ជាតិ”។
ក្នុងវិដេអូនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា ពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តក្រចេះ ទៅឲ្យវៀតណាម ជនជាតិភាគតិច ដេហ្គារ (Degar) ដើម្បីឲ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។
ឧត្ដមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្តឹងលោក សម រង្ស៊ី ពីបទ “ក្បត់ជាតិ” ពាក់ព័ន្ធកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឲ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា។
ករណីនេះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ ចុះស្រាវជ្រាវលើករណីនេះ ឲ្យបានច្បាស់លាស់ មិនអាចលើកលែងបានឡើយ ព្រោះរឿងនេះ ជារឿងក្តីធំ។ សម្ដេចថា នេះជាអំពើក្បត់ជាតិ ហើយគ្មានអ្នកណាម្នាក់ មានសិទ្ធិកាត់ដីកម្ពុជា ឲ្យជនបរទេសទេ។
ទោះជាយ៉ាងណា ក្រោយពីមានការបែកធ្លាយ លោក សម រង្ស៊ី បានបដិសេធថា លោកមិនបានចុះហត្ថលេខាកាត់ដីឲ្យទៅវៀតណាមឡើយ។ លោកថា ឯកសារដែលចុះហត្ថលេខាជាមួយលោក កុក ស មេដឹកនាំចលនាម៉ុងតាញ៉ា កាលឆ្នាំ២០១៣ មែនទែនទៅ មានខ្លឹមសារចង់ឲ្យមានការទទួលស្គាល់សិទ្ធិស្របច្បាប់របស់ជនជាតិភាគតិចម៉ុងតាញ៉ា ដែលរស់នៅខេត្តភាគឦសានកម្ពុជាប៉ុណ្ណោះ៕
