Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យមួយក្រុម បានបើករថយន្ត១គ្រឿង ចូលទៅលួចយកឥដ្ឋ និងស៊ីម៉ង់ត៍ នៅក្នងវត្តភ្នៀតសម្ពលី ប៉ុន្តពេលលួចបានបើករថយន្តចេញមកវិញ ស្រាប់តែជាប់ផុងទៅមុខមិនរួច បន្ទាប់មកគេចខ្លួនបាត់អស់។ ខណៈនោះនគរបាលប៉ុស្តិ៍ស្នោរបានឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យថា ជាបក្ខពួកចោរ រួចនាំយកទៅសាកសួរប៉ុន្តែជននេះ បានបដិសេធន៍ថា មិនបានដឹងរឿងទេ ហើយនគរបាលក៏បានរកឃើញថ្នាំញៀន នៅជាប់ខ្លួន១កញ្ចប់ផងដែរ ។

ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ នៅក្នុងវត្តភ្នៀតសម្ពលី ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នគរបាល បាននិយាយថា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ជួប ផល្លា អាយុ២៨ឆ្នាំ មានទីលំនៅភូមិប្រយុទ្ធ ឃុំបាសែត ស្រុកប៉ាលហាល ខេត្តព្រះវិហារ ។ ហើយមិនទាន់ដឹងថា ជននេះមានការពាក់ព័ន្ធទៅនិងបទល្មើសចោរកម្មខាងលើ ឬអត់នៅឡើយ។ ដោយឡែកក្រុមចោរក៏មិនទាន់ដឹងថា មានគ្នាប៉ុន្មាននាក់នៅឡើយ រីឯរថយន្តដែលពួកចោរបើកយកទៅធ្វើសកម្មភាពនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោន ពាក់ស្លាកលេខ ទ-0231ភព3 ។ ជនសង្ស័យបានបើករងយន្តនេះ ចូលទៅលួចឥដ្ឋពីការដ្ឋានសំណង់ចេតិយ នៅក្នុងវត្តខាងលើ ដែលតាមការសន្និដ្ឋានពេលចូលទៅមេឃមិនទាន់ភ្លៀងទេ។ លុះពេលពួកចោរលើកឥដ្ឋ និងស៊ីម៉ង់ត៍ដាក់ក្នុងរថយន្តរួចមេឃបានចាប់ផ្ដើមធ្លាក់ភ្លៀង ហើយពេលបើកចេញប្រុងគេចខ្លួនដោយសារផ្លូវទើបចាក់ដីថ្មី បណ្ដាលឲ្យជាប់ផុងទៅមុខលែងរួចទើបបែកការណ៍តែម្ដង ។

ប្រភពដដែលបានបន្តទៀតថា នៅលើរថយន្តនោះមានឥដ្ឋប្រមាណ៧,០០០ដុំ និងស៊ីម៉ង់ដ៍ ជិត២តោន ក្រោយពីប្រជាពលរដ្ឋប្រទះឃើញហើយរាយការណ៍ជូនកម្លាំងនគរបាលប៉ុស្តិ៍ស្នោរ បានចុះទៅកាន់កន្លែងកើតហេតុ។

ពេលនោះបានឃាត់ខ្លួនបុរសម្នាក់ ដែលជនសង្ស័យថា ជាបក្ខពួកចោរ ប៉ុន្តែក្រោយសាកសួរជននេះ បានបដុសេធន៍រហូត ហើយនៅជាប់ខ្លួនជននេះ មានថ្នាំញៀន១កញ្ចប់ ពេលនេះនគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនជននេះ ទៅសួរនាំបន្តនៅផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យហើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor