
ភ្នំពេញៈ យុវវ័យប្រុសស្រី២នាក់ ត្រូវជាគូសង្សារនឹងគ្នា និងថែមទាំងអះអាងថា ត្រូវភ្ជាប់ពាក្យជាមួយគ្នានៅព្រឹកស្អែកទៅហើយនោះ ស្រាប់តែយប់មុនថ្ងៃពិធីបែរជាបែកគំនិតធ្វើសកម្មភាពជិះម៉ូតូដឹកគ្នាឆក់ទូរស័ព្ទដៃពីស្ត្រីជនជាតិបរទេសម្នាក់ បានសម្រេច តែរត់មិនរួច ដោយសារកម្លាំងអាវុធហត្ថខណ្ឌកំពុងល្បាត ប្រទះឃើញដេញចាប់ក្របួចជាប់ទាំងគូតែម្ដង។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ក្បែរក្លឹបកម្សាន្ត 2nd តាមបណ្ដោយផ្លូវ៥១ ស្ថិតក្នុងទឹកដីខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គូស្នេហ៍ ដែលឆក់ទូរស័ព្ទជនបរទេសនេះ មាន ទី១-ឈ្មោះ ប៊ុន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើករថយន្តទឹកសុទ្ធ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ០៨ ផ្លូវលំ ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌមានជ័យ (ជាអ្នកបើកម៉ូតូ និងជាជនដៃដល់) និងទី២-ឈ្មោះ សុធា នេត្រា អាយុ១៨ឆ្នាំ ភេទស្រី មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន (អ្នកជិះពីក្រោយ)។

ប្រភពពីកន្លែងកើតហេតុ ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេសចំនួន៣នាក់ (ប្រុសម្នាក់ ស្រី២ម្នាក់) ជាជនជាតិដាណឺម៉ាក ទើបនឹងចេញពីក្លឹបកម្សាន្ត 2nd ហើយដើរនៅតាមបណ្តោយផ្លូវ៥១ បម្រុងទៅក្លឹបកម្សាន្តមួយទៀត ដោយក្នុងនោះ មាននារីម្នាក់ ដើរបណ្តើរកាន់ទូរស័ព្ទចុចបណ្តើរ ដើម្បីមើលទិសដៅ។ លុះដើរមកដល់ចំណុចផ្លូវកែងនឹងលេខ២២២ ស្រាប់តែលេចមុខជនសង្ស័យប្រុសស្រី២នាក់ខាងលើ ដោយខាងប្រុសជាអ្នកបើកម៉ូតូ ចំណែកខាងស្រីជាអ្នកជិះពីក្រោយ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-3648 បានជិះមកអែបជិតនារីជាជនបរទេស ដែលកាន់ទូរស័ព្ទក្នុងដៃ។ ហើយភ្លាមនោះ ជនសង្ស័យជាអ្នកបើកម៉ូតូបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពីនារីរងគ្រោះ រួចព្យាយាមបន្ថែមល្បឿនម៉ូតូបំណងរត់គេចខ្លួន តែភ្លាមនោះ កម្លាំងអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតប្រទះឃើញ ក៏ធ្វើការប្រដេញតាមពីក្រោយ រហូតដល់ផ្លូវ៣៦០ កែងនឹងផ្លូវ៦៣ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ បានសម្រច។ ដោយឆែកឃើញទូរស័ព្ទដៃនារីរងគ្រោះ នៅក្នុងកាបូបរបស់ខាងស្រី ដែលអង្គុយពីក្រោយទៀតផង បន្ទាប់ក៏សម្រេចនាំខ្លួនមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឲ្យដឹងថា តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ប៊ុន សុវណ្ណរ៉ា បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះជាជនបរទេសមែន ដោយរូបគេជាអ្នកធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។ ចំណែកនារីជាសង្សារ ដែលអង្គុយពីក្រោយ មិនបានដឹងរឿងអីនោះទេ ហើយពិសេសពួកគេនឹងត្រូវភ្ជាប់ពាក្យជាមួយគ្នា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះទៀតផង៕




