
នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នេះ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានប្រាប់ឲ្យ ដឹងថា មនុស្សចំនួន៨នាក់ ដែលត្រូវបានឃាត់ខ្លួនករណីផ្ទុះហិង្សាជាមួយក្រុមសមត្ថកិច្ច នៅឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។
លោក ព្រះរាជអាជ្ញា រូបនេះបានបញ្ជាក់ថា ពួកគេ(ពលរដ្ឋ)ទាំង៨នាក់ ត្រូវបានតុលាការដោះលែងឱ្យមានសេរីភាព វិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យាមួយចំនួន និងមកបង្ហាញខ្លួន តាមដីការកោះហៅរបស់តុលាការ។ ពួកគេត្រូវបានដោះលែងមែន តែត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនៅឡើយ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ មានអំពើហិង្សាមួយ បានផ្ទុះឡើងរវាងអាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋនៅឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ ខណៈកម្លាំងសមត្ថកិច្ច ព្យាយាមបំបែកប្រជាពលរដ្ឋដែលនាំគ្នាបិទផ្លូវជាតិលេខ៧៦។ ការដែលប្រជាពលរដ្ឋនាំគ្នាបិទផ្លូវ បានកើតឡើងបន្ទាប់ពី សមត្ថកិច្ចចម្រុះ ចុះទៅរុះរើនិងដុតសំណង់របស់ពួកគាត់ ស្ថិតនៅក្នុងក្រុមហ៊ុន ចំការកៅស៊ូមេមត់។

ភ្លាមៗនោះ ភ្នំពេញប៉ុស្តី បានចេញផ្សាយថា៖ យ៉ាងហោចណាស់ មានពលរដ្ឋចំនួន ៦ នាក់បានស្លាប់ និងជាង ៤០ នាក់ទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា នៅរសៀលថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៨ ដែលជាថ្ងៃប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដែលការប៉ះទង្គិចគ្នានេះ បានកើតឡើងរវាងប្រជាពលរដ្ឋ និងក្រុមអាជ្ញាធរ ដែលរួមមានទាហានប្រដាប់អាវុធប្រមាណជាង ៤០ នាក់ នៅភូមិ ១៩៦ ឃុំ ២ ធ្នូ ស្រុកស្នួល បន្ទាប់ពីមានការតវ៉ានៅក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរៃមួយ។ នេះបើយោងតាម លោកប៊ី វណ្ណី បុគ្គលិកអង្កេតរបស់អង្គការអាដហុក និងយោងតាមពលរដ្ឋនៅកន្លែងកើតហេតុ។ ប៉ុន្តែសារព័ត៌មានទំនោរខាងរដ្ឋាភិបាលបានចេញផ្សាយ ថាពុំមានអ្នកស្លាប់និងរបួសដូចការចុះផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ មានតែអ្នករងរបួស៩នាក់ប៉ុណ្ណោះ ២នាក់ជាប្រជាពលរដ្ឋ ៧នាក់ជាកម្លាំងសមត្ថកិច្ច។ ចំណែកឯ រដ្ឋបាលខេត្តក្រចេះក៏បានបដិសេធរឿងបាញ់សម្លាប់ប្រជាពលរដ្ឋបណ្តាលឱ្យស្លាប់៦នាក់ និងរបួសជាង៤០នាក់ នៅក្រចេះ។

អង្គការសង្គមស៊ីវិលកំពុងចុះទៅស៊ើបអង្កេតដល់កន្លែងកើតហេតុ ប៉ុន្តែ ត្រូវបានហាមឃាត់ដោយអាជ្ញាធរ។





