header ads

Sponsor

រិទ្ធី

ស្ថាន​ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសមួយចំនួន បានជួយសង្រ្គោះស្រ្ដីខ្មែរ៧ នាក់ ដែលចាញ់បោកមេខ្យល់នាំទៅរៀបការ និងធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស។ ប្រទេសទាំងនោះរួមមាន៖ ប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសចិន និងប្រទេសសឹង្ហបុរី។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចុះនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ បានឱ្យដឹងថា៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី ដោះស្រាយបញ្ហា និងរៀបចំបញ្ជូនពលការិនីខ្មែរចំនួន២នាក់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយពលការិនីទាំង២នាក់បានមកដល់កម្ពុជាវិញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨។

ចំណែកឯ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរវៀតណាមជួយសង្រ្គោះស្រ្ដីខ្មែរ ៣នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ជោតបម្រុងនាំទៅរៀបការជាមួយបុរសជនជាតិចិន។ ស្រ្ដី ២នាក់ ក្នុងចំណោម៣នាក់ ម្នាក់មកពីខេត្តត្បូងឃ្មុំ និងម្នាក់ទៀតមកពីខេត្តតាកែវ បានធ្វើដំណើរចេញពីកម្ពុជាតាមរថយន្ដទៅដល់ទីក្រុងហាណូយ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ រួចបន្ដដំណើរឆ្ពោះទៅព្រំដែនវៀតណាម – ចិន ប៉ុន្ដែត្រូវបាននគរបាលច្រកទ្វារព្រំដែនខេត្តឡាងសឺន ឃាត់ខ្លួន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ចំណែកស្រ្ដីរងគ្រោះ ម្នាក់ទៀតមកពីភ្នំពេញត្រូវបានមេខ្យល់នាំឆ្លងកាត់តាមប្រទេសវៀតណាមទៅចិន កាលពីអំពឡុងខែតុលា ឆ្នាំ២០១៧ ទៅរៀបការជាមួយបុរសជនជាតិចិន ហើយចុងក្រោយត្រូវបានមេខ្យល់បំបរបង់ចោលក្នុងព្រំដែនខេត្តឡាងសឺន ប្រទេសវៀតណាម ដោយសារនាងមានជំងឺ។ សូមបញ្ជាក់ថាស្ថានទូតបានទទួលស្រ្ដីទាំង ៣នាក់ខាងលើមកស្នាក់នៅបណ្ដោះអាសន្នក្នុងស្ថានទូត និងបានបញ្ជូនពួកគេតាមយន្ដហោះ ត្រឡប់មកដល់កម្ពុជាវិញជាបន្ដបន្ទាប់ នៅថ្ងៃទី០២ និងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨។

ទន្ទឹមនឹងនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិនក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចខេត្តជាំងស៊ី ជួយសង្រ្គោះស្រ្ដីខ្មែរ ម្នាក់ មកពីខេត្តកណ្ដាលដែលត្រូវបានមេខ្យល់បោកបញ្ជោតនាំទៅរៀបការជាមួយបុរសជនជាតិចិននៅអំឡុងខែធ្នូ ឆ្នាំ២០១៧ ។ ស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅអាហារបរិភោគ សម្ភារប្រើប្រាស់ និងជួយរៀបចំឯកសារធ្វើដំណើរ ហើយនាងបានមកដល់កម្ពុជាវិញតាំងពីថ្ងៃទី០១ ខែមីនា​ ឆ្នាំ២០១៨។

ដោយឡែកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសឹង្ហបូរីក៏បានជួយរៀបចំមាតុភូមិនិវត្តន៍របស់ពលការិនីខ្មែរម្នាក់ អាយុ២៤ឆ្នាំ មកពីខេត្តព្រៃវែង ដែលមិនអាចទ្រាំទ្រការងារលំបាកនៅសឹង្ហបុរីបាន។ ដោយស្ថានទូតបានផ្ដល់កន្លែងស្នាក់នៅអាហារបរិភោគ និងជួយទាមទារលិខិតឆ្លងដែន និងសំបុត្រយន្ដហោះពីភ្នាក់ងារនាំពលករ ហើយពលការិនីបានមកដល់កម្ពុជាវិញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post