header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សិស្សានុសិស្សចំនួន២១០នាក់ មកពីសាលាបឋមសិក្សាឈូកស្ថិតនៅក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ និងសាលាបឋមសិក្សាវត្តព្រះហ៊ូតស្ថិត នៅក្នុង ស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើទស្សនៈកិច្ចសិក្សាមកកាន់តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ដើម្បីទស្សនាសត្វខ្សឹប ដែលជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក និងស្វែង យល់អំពី ទីជម្រកធម្មជាតិរបស់ពួកវានៅក្នុងតំបន់អភិរក្សនេះ។

សត្វខ្សឹប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត ខណៈ ចំនួនរបស់វានៅលើសាកលលោកមានតិចជាង ៨០០ក្បាល។ កម្ពុជា គឺជាប្រទេសដ៏សំខាន់ បំផុតនៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះកុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹប នៅក្នុងប្រទេសកម្ពុជាមានប្រមាណ៤៣២ក្បាល។ ទីជម្រកវាលស្មៅ នៃតំបន់ទំនាបទន្លេសាប ក្នុងខេត្តកំពង់ធំ និងសៀមរាប គាំទ្រដល់ ការរស់នៅរបស់សត្វខ្សឹបច្រើនជាងគេបង្អស់នៅលើ សាកលលោក និងមានសារៈសំខាន់បំផុតសម្រាប់ការរស់រានមានជីវិតរបស់ពួកវា។

លោក ញឹប ញឿន ជំនួយការគម្រោងអភិរក្សសត្វខ្សឹបរបស់អង្គការ WCS បាននិយាយថា កុមារទាំងអស់នេះ មានតួនាទីយ៉ាងសំខាន់ក្នុងថែរក្សា និងការពារសត្វខ្សឹប និងសត្វស្លាបទឹកជាច្រើនផ្សេងទៀតនៅក្នុងតំបន់ ការពារទេសភាពទំនាបខាងជើងទន្លេសាបនេះឲ្យនៅគង់វង្សពីព្រោះ ប៉ុន្មានឆ្នាំកន្លងទៅនេះ ពួកគាត់ជាអ្នកដែលតែងតែប្រទៈឃើញ និងជាអ្នកការពារសំបុកពងកូនរបស់សត្វខ្សឹបផងដែរ

លោក ញឿន បន្តថា ការអប់រំផ្សព្វផ្សាយឲ្យពួកគាត់បានយល់ដឹង កាន់តែច្បាស់អំពីសារៈ សំខាន់នៃការអភិរក្សសត្វខ្សឹប និងសត្វស្លាប ផ្សេងទៀតសម្រាប់គម្រោងទេសចរណ៍ធម្មជាតិ ដែលអាចជួយឲ្យប្រជា សហគមន៍ស្វែងរកប្រាក់ចំណូលសម្រាប់ចិញ្ចឹមជីវិត និងអភិវឌ្ឍន៍ភូមិ នឹងលើកទឹកចិត្តឲ្យពួកគាត់ចូលរួមក្នុងសកម្មភាពអភិរក្ស ព្រមទាំងអាច កាត់បន្ថយកត្តាគំរាម កំហែងនានាចំពោះសត្វស្លាបដូចជាការបរបាញ់ និងការប្រមូលយកពងកូនជាដើម។

តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ត្រូវបានបង្កើតឡើងក្នុង នៅឆ្នាំ២០១៦ និង គ្របដណ្តប់លើផ្ទៃដី៣១.១៥៩ហិកតានៅក្នុងខេត្ត កំពង់ធំ និងសៀមរាប។ អង្គការWCS កំពុង ធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងបរិស្ថានដើម្បីអភិរក្សតំបន់ការពារទេសភាពទំនាបខាងជើង ទន្លេសាប និងសត្វស្លាបសំខាន់ៗដូចជាសត្វខ្សឹបជាដើមតាមរយៈ សកម្មភាពជាច្រើន ដូចជា ការអនុវត្តន៍ច្បាប់ ការការពារសំបុកសត្វខ្សឹប គម្រោងនិរន្តរភាពស្រូវ និងការលើកកម្ពស់ការ យល់ដឹងដល់ប្រជាសហគមន៍ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់ អង្គការសមាគម អភិរក្ស សត្វព្រៃ (Wildlife Conservation Society-WCS) ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post