
ព្រៃវែងៈ បុរសម្នាក់ បានរងរបួសធ្ងន់ចំកញ្ចឹង.កជ្រៅ នៅពេលមកចូលរួមកម្មវិធីមង្គលការ ហើយត្រូវជនដៃដល់ព្រួតគ្នាកាប់ កាលពី៨យប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅភូមិអញ្ចាញ ឃុំ ក្របៅស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចេន ភា ភេទប្រុសអាយុ២៣ ឆ្នាំនៅភូមិកើតហេតុ ត្រូវជនដៃដល់កាប់កញ្ចឹងក និងត្រចៀកឆ្វេង រងរបួសធ្ងន់ ត្រូវបានគេបញ្ជូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកកំចាយមារ។
សមត្ថកិច្ច បានបន្តថា នៅល្ងាចកើតហេតុ ជនរងគ្រោះបានទៅចូលរួមពិធីចូលរោងមង្គលការកូនលោក ជួន ជាម ស្ថិតនៅភូមិកើតហេតុ ក៏ស្រាប់តែមានជនដៃដល់មួយក្រុម បានព្រួតគ្នាកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់តែម្ដង។ ក្រោយកើតក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់អស់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស៊ើបអង្កេតស្វែងរកចាប់ក្រុមជនសង្ស័យទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕
