
ភ្នំពេញៈ យោងតាមរបាយការណ៍ស្ដីពី សកម្មភាពការងារឆ្នាំ២០១៧ និងទិសដៅការងារអនុវត្តបន្ដ សម្រាប់ឆ្នាំ២០១៨ បានឲ្យដឹងថា ការគ្រប់គ្រងរបស់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តមួយចំនួន នៅមានភាពធូររលុង ដោយមិនបានគិតពីចំណាត់ថ្នាក់សន្ដិសុខរបស់ជនជាប់ឃុំ ដែលជាហេតុធ្វើឲ្យជនជាប់ឃុំ មានលទ្ធភាពរត់គេចខ្លួន។
របាយការណ៍បន្ដថា ការប្រព្រឹត្តបទល្មើសនានា តាមរយៈទូរស័ព្ទ ក្នុងការឆបោកជំរិតទារប្រាក់ ពីប្រជាពលរដ្ឋនៅខាងក្រៅឃុំ និងក្នុងកន្លែងឃុំឃាំង មានអ្នកទោសលេងល្បែងស៊ីសង មន្ដ្រីពន្ធនាគារមួយចំនួន សេពគ្រឿងស្រវឹង និងប្រើអំពើហិង្សាលើជនជាប់ឃុំ។
របាយការណ៍បន្ថែមថា ច្រករបៀងនៅតែបន្ដកើតមាន នៅតាមខ្សែបន្ទាត់ព្រំដែន។ រដ្ឋបាលរាជធានី-ខេត្តមួយចំនួន មិនទាន់យកចិត្តទុកដាក់ អនុវត្តសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ និងមិនបានធ្វើលិខិត តាមបែបបទរដ្ឋបាលតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹង របស់ក្រសួងឲ្យទៅគោលដៅអនុវត្ត ។
ជាមួយគ្នានេះផងដែរ សាលាឃុំ សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលមួយចំនួន ផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ តម្រូវការ មិនទាន់បានល្អទាំងស្រុងនៅឡើយ ហើយមន្ដ្រីខ្លះនូវតែឆ្លៀតឱកាស ទាញយកផលប្រយោជន៍ ដោយខុសច្បាប់ពីប្រជាពលដ្ឋ៕
