
ខ្សឹបៈ ក្រុមមន្ត្រីជាច្រើន ពិសេសមន្ត្រីៗនៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ខ្សឹបមកប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងពីសកម្មភាព និងការប្រព្រឹត្តិអំពើពុករលួយយ៉ាងខ្លាំងរបស់លោក ទុំ ណូ មេសាខាគយប្រចាំខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលផ្នែកសេដ្ឋកិច្ចមួយនេះ ដែលធ្វើឱ្យបាត់បង់ចំណូលពន្ធអាកររបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយត្រូវធ្លាក់ចូលទៅក្នុងហោប៉ៅបុគ្គលមេគយខេត្តរូបនេះ និងបក្ខពួក។
បើតាមអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ក៏ដូចប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានខ្សឹបប្រាប់ឱ្យនាយ ក្តាមប្រៃ បានដឹងដែរថា រឿងពុករលួយរបស់មេគយ ទុំ ណូ នេះពួកគាត់បានឮស្ទើរតែគ្រប់គ្នា ពីមេគយខេត្តព្រះសីហនុ លោក ទុំ ណូ នឹងមេគយកំពង់ផែខេត្តនេះ ដោយបានឃុបឃិតជាមួយក្រុមឈ្មួញធំៗនាំទំនិញគេចពន្ធចូលមកយ៉ាងច្រើន ធ្វើឱ្យបាត់បង់ពន្ធចំណូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ រាប់ពាន់លានរៀល។
ក្រុមមន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងមន្ត្រីរាជការថ្នាក់ទាប នៃរដ្ឋបាលខេត្តព្រះសីហនុ ក៏បានខ្សឹបមកនាយ ក្តាមប្រៃ ឱ្យបានដឹងផងដែរថា ពួកគាត់មានមន្ទិលសង្ស័យថា ទំនិញគេចពន្ធជាច្រើនប្រភេទមានដូចជា សម្ភារៈការិយាល័យ គ្រឹះស្ថានសិក្សា ម៉ូតូសេរីទំនើប គ្រឿងក្រអូប ឬសម្អាង សម្ភារៈសំណង់ ភេសជ្ជៈកំប៉ុង ឬដបគ្រប់ប្រភេទ ស្រាបៀរ ទូរស័ព្ទដៃសេរីទំនើបៗ និងគ្រឿងអេឡិចត្រូនិច និងទំនិញជាច្រើនមុខទៀត នៅតែបន្តនាំចូលតាមកំពង់ផែមួយចំនួន នាខេត្តព្រះសីហនុ រួមមានកំពង់ផែទំនប់រលកហៅថាផែ លោក សូ ជុងហ៊ួរ កំពង់ផែកែវផុស និងផែអន្តរជាតិស្ទឹងហាវ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសជាដើម។
ក្រុមមន្ត្រីបានខាងលើ បានប្រាប់នាយ ក្តាមប្រៃ ឱ្យដឹងោងដែរថា ខេត្តព្រះសីហនុ គឺជាច្រកសេដ្ឋកិច្ចទី១ ដែលគេនិយមហៅថាច្រកខ្លាញ់លេខ១។ អ៊ីចឹងហើយទើប មន្ត្រីគយជាច្រើនចង់មកកាន់ទីនេះ តែបែរជាមានវាសនាបានទើលើលោក ទុំ ណូ ដោយសារតែគាត់ចេញសែនឱ្យថ្នាក់លើបានល្អ ទើបបានអង្គុយកៅអីខ្លាញ់លេខ១នេះ។
ចំពោះប្រជាពលរដ្ឋក៏ដូចជាឈ្មួញតូចតាច រកស៊ីបង់ពន្ធអាករស្របច្បាប់ ក៏បានប្រាប់មកនាយ ក្តាមប្រៃ ឱ្យបានដឹងផងដែរថា កន្លងមកទំនិញភាគច្រើន ដែលបាននាំចូលតាមច្រកកំពង់ផែមួយចំនួននាខេត្តព្រះសីហនុ ជាពិសេសកំពង់ផែឯកជន គឺមិនត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករ ព្រមទាំងសមត្ថកិច្ចស្ថាប័នពាក់ព័ន្ធ ប្រចាំការតាមកំពង់ផែនីមួយៗត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវទេ ឬជួនកាលមិនមានការត្រួតពិនិត្យសោះតែម្តង ដោយសារតែពួកឈ្មួញធំៗទាំងនោះ បានទំនាក់ទំនងជាមួយមេៗសមត្ថកិច្ចមុនរួចទៅហើយ ពិសេសជាមួយមេគយខេត្ត លោក ទុំ ណូ នេះតែម្តង។

ទាំងមន្ត្រីរាជការ និងប្រជារដ្ឋមួយចំនួន នាខេត្តព្រះសីហនុ បានបន្តឱ្យនាយ ក្តាមប្រៃ បានដឹងទៀតថា ពួកគាត់បានកត់សម្គាល់ថា ជារៀងរាល់ថ្ងៃទំនិញ ដែលដឹកតាមរថយន្តសណ្តោងធំៗ មិនត្រូវបានមន្ត្រីការិយាល័យគយ និងសមត្ថកិច្ចប្រចាំការ នៅច្រកកំពង់ផែនីមួយៗ ត្រួតពិនិត្យឲ្យបានដិតដល់ទេ។ ដូច្នេះហើយ ទើបមន្ត្រីរាជការ និងពលរដ្ឋខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន នាខេត្តព្រះសីហនុ រួមមាន៖ សមាគម និងអង្គការ នានាជាដើម បានស្នើដល់ស្នើទៅលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយបញ្ជូនមន្ត្រីចុះស្រាវជ្រាវ ជុំវិញបទសង្ស័យ នៃបទល្មើសនាំចូលទំនិញគេចពន្ធតាមច្រកកំពង់ផែនានា ក្នុងខេត្តព្រះសីហនុ ដែលធ្វើឱ្យបាត់បង់ចំណូលពន្ធយ៉ាងច្រើន ដែលត្រូវបានធ្លាក់ទៅក្នុងហោប៉ៅ មេគយ ទូ ណូ និងបក្ខពួកជំនិតៗរបស់គាត់។

បើតាមលោកស្រីប្រធានអង្គការម្នាក់ បានខ្សឹបមកប្រាប់នាយ ក្រាមប្រៃ ឱ្យបានដឹងដែរថា អ្នកស្រី ធ្លាប់បានទទួលព័ត៌មានបទល្មើសនាំចូលទំនិញគេចពន្ធ ត្រូវអាជីវករ និងពលរដ្ឋរាយការណ៍មកថា នៅតាមច្រកកំពង់ផែមួយចំនួន មានផែទំបន់រលក ផែអន្តរជាតិស្ទឹងហាវ និងផែកែវផុសជាដើម គឺសង្ស័យបាននាំចូលទំនិញគេចពន្ធ។ ពិសេសក្នុងករណី “មន្ទិលសង្ស័យ”ខាងលើនោះ ប្រហែលជាលោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ពុំមែនមិនដឹងនោះទេ។

បើតាមមន្ត្រីគយនៅឯអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានខ្សឹបមកប្រាប់នាយ ក្តាមប្រៃថា លោក ទុំ ណូ មេគយខេត្តព្រះសីហនុ រូបនេះ គាត់ឧស្សាហ៍ឡើងមកភ្នំពេញណាស់ ជាពិសេស ជួបជាមួយលោកអគ្គនាយករងគយដ៏មានឥទ្ធិពលម្នាក់ ដែលមេគយគ្រប់ច្រកនៅទូទាំងខេត្ត តែងតែមកជួបគាត់ជាញឹកញ៉ាប់។
ពាក់ព័ន្ធនឹងសកម្មភាពដូចនាយក្តាមប្រៃបានទទួលខាងលើនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អាជីវកររកស៊ីស្របច្បាប់ ក៏ដូចជាមន្ត្រីជាច្រើននៅក្នុងខេត្តព្រះសីហនុ បានសំណូមពរទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ ជួយមានវិធានការលើមេគយ ទុំ ណូ និងបក្ខពួកគាត់ផង៕


