
កោះកុងៈ មានករណីហិង្សាមួយបានកើតឡើង រវាងបងប្អូនថ្លៃបណ្តាលឲ្យស្លាប់ម្នាក់ ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃពុធ ១៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពេជ្រ គា អាយុ៤៣ឆ្នាំ មានស្រុកកំណើតនៅភូមិសិលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មានប្រពន្ធឈ្មោះ ណៃ វ៉េន អាយុ៤៦ឆ្នាំ និងកូន៤នាក់ក្នុងបន្ទុក។ ចំណែកជនដៃដល់ឈ្មោះ កើត វ៉ាត អាយុ៥៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ សីុន ស៊ុនហួង ហៅកៅញិត អាយុ៣៦ឆ្នាំ។

ប្រភពបានបន្តថា ជនល្មើសទាំង២នាក់នេះ បានយកក្តាបោកខោអាវ វាយទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ រួចនាំគ្នារត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ នគរបាលមូលដ្ឋានបានចុះទៅដល់ត្រួតពិនិត្យ និងតាមស្រាវជា្រវចាប់ខ្លួនជនដៃដល់ទាំង២នាក់ខាងលើ យកមកផ្តន្ទាទោសតាមច្បាប់៕


