
កែបៈ ពលរដ្ឋរស់នៅភូមិដំណាក់ចំបក់នៅសង្កាត់អូក្រសា និងពលរដ្ឋរស់នៅសង្កាត់ព្រៃធំក្រុងកែប បាននាំគ្នាធ្វើរូបទីងមោងដាក់តាមផ្លូវចូលផ្ទះនីមួយៗ ជាពិសេសពលរដ្ឋដែលមានផ្ទះជាប់ និងដងផ្លូវជាតិលេខ33 ពីកំពតទៅកែប។
ពលរដ្ឋម្នាក់ឈ្មោះ មាស អន ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិដំណាក់ចំបក់ សង្កាត់អូក្រសា បានប្រាប់ឲ្យដឹងថា ការនាំគ្នាធ្វើរូបទីងមោងដាក់នៅផ្លូវចូលទៅផ្ទះនេះ គឺពួកគាត់បានខ្លាចខ្មោចព្រាយដើរហៅនៅពេលយប់។ បងស្រី មាស អន និយាយប្រាប់បន្តថា បើយើងធ្វើទីងមោងដាក់នៅមុខផ្ទះទៅហាក់ដូចជាមនុស្សចាំផ្ទះពេលយើងដេកខ្មោចឃើញទីងមោងនេះពិតជាវាមិនហានចូលដែរ។
ប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ តូច ហ៊ុន ភេទស្រី អាយុ៧១ឆ្នាំនៅសង្កាត់ព្រៃធំ បាននិយាយប្រាប់ឲ្យដឹងថា ការធ្វើរូបទីងមោងដាក់នៅមុខផ្ទះនេះ គឺជាប្រុសទេ ជាអ្នកធ្វើដោយសារតែចៅប្រុសគាត់បានឮគេនិយាយថា ខ្មោចដើរហៅនៅពេលយប់។
អ៊ុំស្រី តូច ហ៊ុន និយាយាថា គាត់ខ្លាចដែរ ព្រោះមានមនុស្សហៅពេលយប់ក៏គាត់មិនឆ្លើយដែរព្រោះខ្លាចខ្មោចហៅដូចគេថា។ គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុននោះមិនត្រឹមតែប្រជាពលរដ្ឋទេ ដែលភ័យខ្លាចខ្មោចដើរហៅនៅពេលយប់ ហើយពលរដ្ឋគ្រប់ផ្ទះសុទ្ធតែបានធ្វើទីងមោងដាក់នៅមុខផ្ទះ សូម្បីតែមុខផ្ទះអភិបាលខេត្តកែប ក៏គេដាក់ទីងមោងដែរកាលណ្ណោះ៕