
ភ្នំពេញៈ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នេះ កាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយលោកស្រី វង សារ៉ុន ពីស្ថានភាពជំងឺរបស់ស្វាមីអ្នកស្រី គឺលោក ធូ ចំរ៉ុង (ហៅនាយ សាន ម៉ៅ) អាយុ៥៩ឆ្នាំ ជាតារាកំប្លែងជើងចាស់ដែលកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យកាល់ម៉ែត។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះនាយ សាន ម៉ៅ និងផ្តាំផ្ញើឲ្យខិតខំបំប៉នសុខភាពឲ្យបានល្អ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ព្រមទាំងជូនពរឆាប់បានជាសះស្បើយឡើងវិញ។
លោកស្រី វង សារ៉ុន និងកូនប្រុស បានសម្ដែងក្តីរំភើបឥតឧបមា និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលដឹកនាំកាកបាទក្រហមកម្ពុជា ដោយយកចិត្តទុកដាក់ គិតគូរជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ៕

