Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្តកងដឹកជញ្ជូន ឆ.ន ប្រភេទយីឌុប១គ្រឿង ដឹកត្រីពីវៀតណាមចូលមកកម្ពុជាពេញរថយន្ត សង្ស័យគ្មានច្បាប់អនុញ្ញាត ហើយលើសទម្ងន់ផងដែរនោះ បានបង្កគ្រោះថ្នាក់ចរាចរណ៍បុករថយន្តកូរ៉េ១គ្រឿង ចំណុះ១តោនកន្លះ ដែលបម្រុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងនូវការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវវ៉េងស្រេង ទល់មុខកុងស៊ីកាប់ជ្រូក ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ គេឃើញរថយន្តកូរ៉េ១គ្រឿងធ្វើដំណើរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ក៏បម្រុងបត់ឆ្លងផ្លូវ ខណៈនោះ ស្រាប់តែមានរថយន្ត១គ្រឿងទៀត ប្រភេទយីឌុបធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងក្បឿនលឿនមកដល់ ជាន់ហ្វ្រាំងមិនជាប់ ក៏ជ្រុលបុកប៉ើងរថយន្តកូរ៉េបកក្បាលមកក្រោយ ហើយរថយន្តបង្កហេតុនោះ ក៏ឡើងលើខឿនផ្លូវ និងជ្រុលទៅប៉ះបង្គោលភ្លើងបែកកង់ទៅមុខលែងរួច បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។ ចំណែកអ្នកបើកបររថយន្តបង្ក ក្រោយកើតហេតុ មិនហ៊ានចុះពីលើរថយន្តទេ ព្រោះខ្លាចពលរដ្ឋវាយ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តប្រភេទយីឌុប ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-1815 ។ ចំណែករថយន្តរងគ្រោះផលិតនៅប្រទេសកូរ៉េ ចំណុះ១តោនកន្លះ ពាក់ស្លាកលេខ ច3573 ភ.ព2 ។

ជាមួយគ្នានេះដែរ បុរសវ័យចំណាស់ម្ចាស់រថយន្តកូរ៉េបានបញ្ជាក់ឲ្យដឹងដែរថា គាត់បើករថយន្តគាត់បម្រុងឆ្លងផ្លូវចូលទៅផ្ទះនៅខាងត្បូងផ្លូវ តែមិននឹងទាន់បានឆ្លងផ្លូវផង រថយន្តបង្កក៏បានជ្រុលមកបុករថយន្តគាត់ពេញទំហឹងបណ្តាលឲ្យរងការខូចខាតតែម្តង។

សមត្ថកិច្ចបានប្រាប់ថា រថយន្តទាំង២គ្រឿងនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីទុកឲ្យភាគីទាំង២ចូលខ្លួនដោះស្រាយ និងសងថ្លៃខូចខាតទ្រព្យសម្បតិ្តសាធារណៈផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor