
កម្សាន្តៈ កម្មវិធីប្រឡងចម្រៀងកាលពីយប់មិញ បានបង្ហាញវិញ្ញាសាប្រឡងច្រៀងបែបចង្វាក់ភ្លេងការ។ ម្តងនេះ ជាសភាពតានតឹងសម្រាប់បេក្ខជនទាំងអស់ រាប់ទាំងកញ្ញា សោភា ទេពី គឺទឹកមុខស្រពោនតាំងពីដើមទី ក្នុងពេលដែលនាងដឹងថា វិញ្ញាសានេះ មិនស្រួលឡើយ ទាល់តែកម្រិតសំឡេងពោរពេញដោយបទពិសោធន៍។ ជាលទ្ឋផលសម្រាប់បេក្ខជន៩រូប មានជាប់៧រូប ហើយសល់២រូប ត្រូវគេប្រកាសឲ្យ ទេពី ជាប់ ធ្វើឲ្យនាងរំជួលចិត្ត ព្រោះ២សប្តាហ៍ហើយ នាងប៊ិះធ្លាក់រហូត។
ទោះជាយ៉ាងណា សោភា ទេពី នាងមានសមត្ថភាពពិសេស គឺហ៊ានសម្តែងតាមប្រភេទបទចម្រៀង មិនថា រ៉ុក មនោសញ្ចេតនា បូកទាំងការបញ្ចេញកាយវិការក្រមិចក្រមើម ធ្វើឲ្យនាងលេចធ្លោតែម្ដង។ សូម្បីតែគណៈកម្មការទាំង៤រូប សុទ្ធតែធ្លាប់បានបង្ហាញចេតនាលើកសរសើរ សោភា ទេពី ថាប៉ិនប្រសព្វ អាចបន់បែនបាន សមជាបេក្ខជន Cambodia Idol ឆ្នើមរដូវកាលទី៣នេះ។
មួយក្តារយប់មិញនេះ ជាសប្តាហ៍ទី៤ ដែល សោភា ទេពី ជួបប្រទះឧបស្គសាជាថ្មី ក្រោយឈានដល់វគ្គប្រកាសលទ្ខផល នាងចូលដល់ភាពរន្ធត់ម្តងទៀត។ ក្រោយពិធីករប្រកាសថា នាងអាចទៅវគ្គសប្តាហ៍ទី៥ សោភា ទេពី អរស្ទើរហោះរំសាយអស់ទុក្ខមួយពេល ស្របពេលទឹកភ្នែកក៏ហូរមក។
គេចាំតាមដានមើលទៀតថា នៅសប្តាហ៍ទី៥ តើ ទេពី អាចសាងបានភាពលេចធ្លោកម្រិតណា ស្របពេលការចម្រាញ់រកជើងខ្លាំង កាន់តែរកបានជាច្រើនរូបមកប្រជែងសមត្ថភាពដាក់គ្នានោះ៕


