Sponsor
រិទ្ធី

រឿងឃាតកម្មលើ លោកបណ្ឌិត កែម ឡី បានកន្លងផុតទៅប្រមាណជាជិត២ឆ្នាំ ប៉ុន្តែពន្លឺយុត្តិធម៌ហាក់នៅសែនឆ្ងាយសម្រាប់លោកបណ្ឌិតនិងក្រុមគ្រួសារ ចំណែកឯឃាតកម្មលើ អ្នកស្រី ចេវ វឌ្ឍនា កំពុងតែមានការស៊ើបអង្កេត និងឈានទៅដល់ចាប់ជនសង្ស័យដែលមានទាំងលោកស្នងការរងខេត្តតាកែវទៀតផង។ ពាក់ព័ន្ធនឹងឃាតកម្មទាំង២នេះ ដែលមានស្រុកកំណើតក្នុងខេត្តតាកែវដូចគ្នា លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជានៅមិនស្ងៀម ក៏បានបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នេះថា៖ រួមខេត្តតែមួយ ប៉ុន្តែវាសនាខុសគ្នា។
ប្រធានគណបក្សយុវជនរូបនេះរៀបរាប់ថា៖ អំពើឃាតកម្មក្នុងស្រុកខ្មែរមានសម្បូរបែប ហើយកើតលើមនុស្សគ្រប់ស្រទាប់វណ្ណៈ ជាពិសេសកើតចំពោះមនុស្សពិសេសៗ ដូចជា លោកបណ្ឌិត កែម ឡី និង អ្នកស្រី ចេវ វឌ្ឍនា ជាដើម ក៏ប៉ុន្តែក្នុងចំណោមអំពើឃាតកម្មលើមនុស្សពិសេសៗកន្លងមក មានតែអ្នកស្រី ចេវ វឌ្ឍនា ទេ ដែលមានវាសនាស្គាល់នូវពន្លឺយុត្តិធម៌ខ្លះៗ ហើយក្រៅពីអ្នកស្រីគឺពួកគាត់គ្មានវាសនាទទួលបាននូវពន្លឺយុត្តិធម៌នោះឡើយ។ ការចាត់ការច្បាប់បែបនេះ យើងអាចសន្និដ្ឋានបានថា៖ ប្រទេសកម្ពុជាបាននឹងកំពុង អនុវត្តច្បាប់រើសមុខ គឺអនុវត្តមិនស្មើភាពដែលជាហេតុធ្វើឲ្យច្បាប់ក្នុងប្រទេសខ្មែរគ្មានតម្លៃជាទូទៅ និងគ្មានភាពយុត្តិធម៌។

លោក ពេជ្រ ស្រស់ បន្ថែមទៀតថា៖ ឃាតកម្មលើរូបលោកបណ្ឌិត កែម ឡី គឺអ្នកកាន់ច្បាប់គ្មានឆន្ទៈស្វែងរកជនចូលរួមប្រព្រឹត្តបទល្មើស ក៏ប៉ុន្តែចំពោះរូបអ្នកស្រី អ្នកស្រី ចេវ វឌ្ឍនា វិញគឺអ្នកកាន់ច្បាប់មានឆន្ទៈពេញបរិបូណ៍ក្នុងការស្រាវជ្រាវឡើងវិញវែកមុខអ្នករួមប្រព្រឹត្តបទល្មើសលើរូបអ្នកស្រី គឺដោយសារតែអ្នកស្រីធ្វើការរដ្ឋ។ ក្នុងន័យនេះ ប្រទេសកម្ពុជាគួរតែប្រកាន់ខ្ជាប់នូវការអនុវត្តច្បាប់ឲ្យមានស្តង់ដាតែមួយ បើមិនដូច្នោះច្បាប់នៅក្នុងប្រទេសខ្មែរ និង ក្លាយជាឃាតករសម្លាប់ជនស្លូតត្រង់និងជនទាន់ខ្សោយមិនខានឡើយ។
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor