
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយអាថ៌កំបាំងថា លោក ជុន ចាន់បុត្រ ជាអ្នកគ្រប់គ្រប់វិទ្យុអាស៊ីសេរីជាខេមរភាសា ជាអ្នកប្រាប់ថា អាមេរិកជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី និងបានស្នើឲ្យការពារសុវត្ថិខ្លួនផងដែរ ដោយសារខ្លាចគេសម្លាប់ដូច កែម ឡី។
ក្នុងពិធីជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានទម្លាយអាថ៌កំបាំងរបស់លោក ជុន ចាន់បុត្រ និងរឿង សពលោក កែម ឡី ខណៈប្រពន្ធលោក កែម ឡី អ្នកស្រី ប៊ូ រចនា និងលោក ជុន ចាន់បុត្រ កំពុងស្នាក់នៅអូស្ត្រាលីស្រាប់។
សម្តេចតេជោបញ្ជាក់ថា “ជុន ចាន់បុត្រ បានទៅជួប ម៉ៅ សុផាន់ មុនពេលជួប ហ៊ុន ម៉ាណែត ដើម្បីឲ្យការពារខ្លាចអាមេរិកសម្លាប់ដូច កែម ឡី ហ៊ានស្បថអត់? មានបញ្ហារត់ចេញពីប្រទេសមកប្រទេសក្រៅ។ អ្នកបញ្ជូនរឿងនេះមកខ្ញុំគឺកូនខ្ញុំ។ ខ្ញុំនិយាយនៅនេះ ទាល់ពេល ជុន ចាន់បុត្រ និងប្រពន្ធ កែម ឡី នៅទីនេះ”។
សម្តេចតេជោបានលើកឡើងទៀតថា លុយប្រមូលបានអំពីមូលនិធិ កែម ឡី បាត់ទៅណា ប្រមូលបានយកទៅណា ហេតុអីជំពាក់ថ្លៃបបររបស់គេ រហូតអត់លុយឲ្យគេ និងខ្វះលុយធ្វើចេតីយ៍ ហើយសម្តេចបានឧបត្ថម្ភប្រមាណជា៧ម៉ឺនដុល្លារថែមទៀត។
សម្តេចនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា “ជុន ចាន់បុត្រ ហ៊ាន ឬមិនហ៊ានស្បថទេ លោកឯងជាមនុស្សធន់ណា ចឹងយល់យ៉ាងម៉េច លោកឯងជេរ ហ៊ុន សែន មកនិយាយជាមួយកូន ហ៊ុន សែន។ លោកឯងមិនចេះខ្មាសអៀនទេអី។ ជុន ចាន់បុត្រ និយាយថា ប្រយ័ត្នអាមេរិកសម្លាប់ដូច កែម ឡី ។ ពីមុនខ្ញុំលាក់ តែឥឡូវខ្ញុំអត់លាក់ទេ ពីមុនអ្នកជាចារកម្មឲ្យខ្ញុំ តែខ្ញុំពេលនេះមិនទុកទេ ទម្លាយអស់ហើយ”៕

វីដេអូសម្ដេចតេជោ សំណេះសំណាលជាមួយបងប្អូនកូនក្មួយនៅដែលមកពីប្រទេស New Zealand & Australia នៅសណ្ឋាគារ Shangri-La Hotel, Sydney, Australia