
ភ្នំពេញៈ ទីតាំងចែកចាយ និងជួញដូរថ្នាំញៀនមួយកន្លែង ស្ថិតនៅត្រង់ចំណុចផ្ទះជួលលេខ១៦៩៣E០ ផ្លូវឌឿងហែមលេខ១០៧ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា ឆ្មក់ធ្វើការបង្ក្រាប ដោយឃាត់ជនសង្ស័យ៤នាក់ ព្រមទាំងដកហូតថ្នាំញៀនចំនួន២កញ្ចប់ ថ្នាំក្រវី១៥គ្រាប់ និងជញ្ជីងថ្លឹងមួយគ្រឿង។
ប្រតិបត្តិការឆ្មក់ចុះបង្ក្រាបក្រុមជួញដូរថ្នាំញៀននេះ បានធ្វើឡើងកាលពីវេលាម៉ោង១២៖១០នាទីថ្ងៃត្រង់ ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ មានឈ្មោះដូចជា ទី១-ឈ្មោះ លី សីហា ភេទស្រី អាយុ២៨ឆ្នាំ, ទី២-ឈ្មោះ លី ធីប៉ិចតៀង ភេទស្រី អាយុ២៣ឆ្នាំ, ទី៣-ឈ្មោះ កែវ ស្រីអូន ភេទស្រី អាយុ២០ឆ្នាំ និងទី៤-ឈ្មោះ វីង ធីប៊ុនញ៉ឺ ភេទប្រុស អាយុ២១ឆ្នាំ។ បច្ចុប្បន្នអ្នកទាំង៤ មានមុខរបរមិនពិតប្រាកដ និងស្នាក់នៅផ្ទះជួលលេខ១៦៩៣E០ ផ្លូវ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចបន្តថា ប្រតិបត្តិការបង្ក្រាបក្រុមស្រីស្រឡាញ់ស្រីជួញដូរថ្នាំញៀននេះ សមត្ថកិច្ចបានដកហូតនូវវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់តូច, ថ្នាំក្រវីចំនួន១៥គ្រាប់, ជញ្ជីងថ្លឹងចំនួនមួយគ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ ក្រោយមក កម្លាំងសមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទាំងនោះ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕


