
ភ្នំពេញៈ បើទោះជាមានការទម្លាយរូបថតមួយចំនួន ពាក់ព័ន្ធនឹងជីវិតឯកជនរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលខំលួចលាក់អស់រាប់ឆ្នាំហើយក្ដី ក៏មហាជនអ្នកគាំទ្រនៅតែគាំទ្រដដែល ហាក់មិនរង្គោះរង្គើបន្តិចឡើយសោះ។
បើតាមប្រភព ដែលទម្លាយពីជីវិតឯកជនរបស់តារាលំដាប់ជួរមុខរូបនេះ បានលើកឡើងថា ទោះបីដឹងថា លោក ខេមរៈ សិរីមន្ត មានទាំងប្រពន្ធ និងកូន ដែលសាមីខ្លួនខំលាក់បាំងពីក្រសែភ្នែកមហាជនអស់រាប់ឆ្នាំ សម្រាប់មិត្តយុវវ័យ ក៏ដូចជាមជ្ឈដ្ឋានទូទៅយល់ថា គ្មានបញ្ហានោះទេ។ គ្មានបញ្ហា ព្រោះសមត្ថភាពរបស់តារាល្បី មិនស្ថិតលើរឿងមានគូមានកូនឡើយ។ ការធ្លាយរូបទាំងនេះ មិនអាចទាញទម្លាក់ប្រជាប្រិយភាពសាមីខ្លួនឲ្យដួលបាននោះទេ។
ប្រពន្ធ និងកូនរបស់តារាចម្រៀងល្បីឈ្មោះ ខេមរៈ សិរីមន្ត ត្រូវបានគេទម្លាយដោយរូបថតជាច្រើនសន្លឹក ដោយមានការចែកចាយតៗគ្នាពេញបណ្ដាញសង្គម Facebook។ ការទម្លាយឲ្យដឹងពីមុខមាត់ប្រពន្ធ និងកូនអតីតតារាចម្រៀងសាន់ដេរូបនេះ ខណៈលោកបានលាក់បាំងជាយូរឆ្នាំមកហើយរឿងប្រពន្ធកូននេះ។

តាមប្រភពសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ហេតុផលនាំឲ្យ ខេមរៈ សិរីមន្ត លាក់បាំងប្រពន្ធកូនកន្លងមក ព្រោះតែខ្លាចធ្លាក់ប្រជាប្រិយភាព ប្រសិនបើបង្ហាញទស្សនិកជនឲ្យដឹងថា លោកមានប្រពន្ធ និងកូនបែបនេះ។ ភរិយាតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាសរូបនេះ មានឈ្មោះ ផល្លី វ័យជាង៣០ឆ្នាំ ដែលមានស្រុកកំណើតក្នុងទឹកដីខេត្តកំពង់ចាម ដូចលោក ខេមរៈ សិរីមន្ត។

ប្រភពដដែលបន្តថា អ្នកទាំងពីរ បានរៀបការជាច្រើនឆ្នាំមកហើយ ថែមទាំងមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទៀត។ ហើយបច្ចុប្បន្នលោក ខេមរៈ សិរីមន្ត ទទួលបានកូន២នាក់ ប្រុស១ ស្រី១ កូនប្រុសឈ្មោះ ខេមរៈ មន្តស្នេហ៍ វ័យប្រហែល៥ឆ្នាំ និងកូនស្រីឈ្មោះ ខេមរៈ ស្ត្រី វ័យជាង២ឆ្នាំ។ តាំងពីរៀបការមក លោក ខេមរៈ សិរីមន្ត មិនឲ្យភរិយារបស់លោកធ្វើអ្វីឡើយ គឺឲ្យនៅតែផ្ទះចាំមើលតែថែកូន ដែលផ្ទះរបស់លោក ស្ថិតនៅទល់មុខវត្តសំរោងអណ្ដែត៕




