
បន្ទាយមានជ័យៈ បុរសជាកូនប្រសាម្នាក់ ត្រូវម្ដាយក្មេកប្ដឹងឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីផ្ដាច់សង្វាសជាមួយកូនស្រីគាត់ហើយ នៅហ៊ានទៅលួចយករថយន្តមួយគ្រឿង ដែលម្ដាយក្មេកទិញទុកឲ្យជិះកាលនៅរួមរស់ជាមួយកូនគាត់។ យ៉ាងណា ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្រុងប៉ោយប៉ែត ខណៈកំពុងសម្ងំរួមរស់ជាមួយប្រពន្ធថ្មីម្នាក់ទៀត ហើយបញ្ជូនទៅតុលាការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ ដើម្បីចាត់ការតាមច្បាប់។
លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យដឹងថា កម្លាំងមូលដ្ឋានបានបញ្ជូនបុរសម្នាក់ ទៅកាន់ទីបញ្ជាការ បន្ទាប់ពីបានឃាត់ខ្លួន កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨កន្លងមក តាមបណ្តឹងស្ត្រីម្នាក់ ដែលជាអតីតម្តាយក្មេក។
លោកមេបញ្ជាមូលដ្ឋានក្រុង បានបញ្ជាក់ថា ស្ត្រីឈ្មោះ ឈឹម ធី អាយុ៤៥ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អតីតជាម្តាយក្មេកបានមកប្តឹងឈ្មោះ អ៊ួង គឹមអេង ភេទប្រុស អាយុ៣៧ឆ្នាំ ថាបានលួចយករថយន្តមួយគ្រឿង ដែលជាកម្មសិទ្ធិរបស់ខ្លួនទិញឲ្យជនសង្ស័យជិះកាលនៅរួមរស់ជាមួយកូនស្រីគាត់ ប្រព្រឹត្តកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ។ បណ្តឹងបានឲ្យដឹងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឈ្មោះ អ៊ួង គឹមអេង បានលបចូលទៅក្នុងផ្ទះដើម្បីទៅលេងកូន តែពេលចូលទៅចំពេលដែលប្រពន្ធ និងកូនមិននៅ គឺនៅតែឡានម៉ាក KIA TOWNER ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២AH-១៣៧០ ដែលម្តាយទិញទុកឲ្យជិះ។ ឃើញដូច្នេះ អ៊ួង គឹមអេង ក៏បានលួចបើកចេញមកបាត់ ហើយមកសម្ងំលាក់ខ្លួននៅក្រុងប៉ោយប៉ែត ជាមួយភរិយាថ្មីម្នាក់ទៀត។
លោក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននិយាយថា ក្រោយឃាត់ខ្លួនជនសង្ស័យ អ៊ួង គឹមអេង បានសារភាពថា ខ្លួនពិតជាបានយករថយន្តនោះមែន ហើយយកទៅលាក់នៅផ្ទះលោកតារបស់ខ្លួននាក្រុងពោធិ៍សាត់។ ដោយយោងចម្លើយ និងបណ្តឹងមានភាពស៊ីសង្វាក់គ្នា ទើបសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
